គ.ជ.ប បានបោះពុម្ពសន្លឹកជាង ១៣លានសន្លឹក សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃស្អែក

សង្គម​ និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដាស្អែកនេះ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខណ:គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបោះពុម្ពសន្លឹកជាង ១៣លានសន្លឹក សម្រាប់បម្រើឱ្យការបោះឆ្នោត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម គ.ជ.ប សន្លឹកឆ្នោតដែលបោះពុម្ពសន្លឹកជាង ១៣លានសន្លឹក គឺចែកចេញជា២ប្រភេទ ដោយប្រភេទទី១ គឺជាប្រភេទសន្លឹកឆ្នោតដែលនឹងបញ្ជូនទៅការិយាល័យបោះឆ្នោតជាង២៣០០ការិយាល័យ និងប្រភេទទី២ សន្លឹកឆ្នោតជាង១លាន២សែនសន្លឹក គឺតម្កល់ទុកនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ត្រៀមបម្រុងដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយដែលអាចនឹងកើតឡើង។

របាយការណ៍ គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ចំនួនឈ្មោះប្រជាពលរដ្ឋដែលមាននៅក្នុងបញ្ជីបោះឆ្នោតដំបូងដែលត្រូវបិទផ្សាយមានចំនួន ៩.៧១០.៦៤៥នាក់ ក្នុងនោះស្រីចំនួន ៥,១៦១,៩០៦នាក់ និងការិយាល័យបោះឆ្នោតទូទាំងប្រទេស គឺមានចំនួន ២៣,៧៨៩ការិយាល័យ។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ខែកក្កដាខាងមុខនេះ លោក ហង្ស ពុទ្ធា គូសបញ្ជាក់ថា​ គ.ជ.ប បានយោងទាំងស្រុងទៅលើបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២២ ដែលមានចំនួនសរុបប្រមាណជាង៩លាននាក់។

គួរបញ្ជាក់ថា នៅនីតិកាលទី៧ មានគណបក្សនយោបាយចំនួន១៨ ដែលត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលស្គាល់ជាផ្លូវការចំពោះការចុះបញ្ជីគណបក្សដើម្បីប្រកួតប្រជែងដណ្តើមកៅអីរដ្ឋសភា និងនាយករដ្ឋមន្រ្តី៕