ដូចការគ្រោងទុក កម្ពុជានឹងត្រូវចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃអាទិត្យទី២៣ ខែកក្កដាស្អែកនេះ។ នៅនីតិកាលទី៧នេះ មានគណបក្សនយោបាយចំនួន១៨ ដែលត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលស្គាល់ជាផ្លូវការចំពោះការចុះបញ្ជីគណបក្សដើម្បីប្រកួតប្រជែងដណ្តើមកៅអីរដ្ឋសភា។
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) នៅព្រឹកថ្ងៃទី ២២ ខែកក្កដានេះ បានចុះត្រួតពិនិត្យការរៀបចំការិយាល័យបោះឆ្នោតនៅទីតាំងការិយាល័យ សាលាគរុកោសល្យវិក្រិតការក្រុងតាខ្មៅ។
សម្រាប់ការបោះឆ្នោតនៅថ្ងៃស្អែក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញមកបោះឆ្នោតនៅការិយាល័យ លេខ ១៦៩៧ សាលាគរុកោសល្យវិក្រិតការក្រុងតាខ្មៅ។
សូមជម្រាបជូនថា ក្រៅសម្តេចតេជោ ហ៊ុន សែន ត្រូវបានគណៈអចិន្ត្រៃយ៍គណបក្សសម្រេចឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលខេត្តកណ្តាល ក៏មានលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ឈរជាបេក្ខជនពេញសិទ្ធិលេខរៀងទី៣ ទី៤ ទី៦ និងទី៧សម្រាប់មណ្ឌលខេត្តកណ្តាល ដែលមាន១១អាសនៈផងដែរ។ នេះបើតាមបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា៕