ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង បានសង្កេតឃើញថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន-កម្ពុជា មានការរីកចម្រើនយ៉ាងស៊ីជម្រៅ ខណៈលោក ស៊ី ជីនពីង ក៏បានលើកឡើងថា នឹងបន្តជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី។ នេះបើយោងតាមសារលិខិត ផ្ញើទៅកាន់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង បានបញ្ជាក់ថា៖ តាងនាមរដ្ឋាភិបាល និងប្រជាជនចិន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតថ្វាយព្រះករុណា និងតាមរយៈ ព្រះករុណា ជូនចំពោះប្រជាជនកម្ពុជាជាបងប្អូន ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា»។
បន្ថែមពីនេះ លោកថា ក្នុងរយៈពេល ៦៥ឆ្នាំ កន្លងមកនេះ ទំនាក់ទំនងចិន-កម្ពុជា បានបន្តរីកចម្រើនកាន់តែរឹងមាំ ថែមទៀត ទោះបីជាមានការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិក៏ដោយ។ ព្រះករុណា បានបន្តមរតក របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ» ក្នុងកិច្ចខិតខំប្រឹងប្រែង និង ការគាំទ្រយ៉ាងខ្ជាប់ខ្ជួន ដើម្បីពង្រឹងមិត្តភាពរវាងកម្ពុជា និងចិន ដែលអាចចាត់ទុកបានថា ប្រទេសចិន ជាមាតុភូមិទី ២ ដែលតែងតែស្វាគមន៍ព្រះអង្គ។ នៅដើមឆ្នាំនេះ ព្រះករុណា និងរូបលោកបានជួបគ្នានៅប៉េកាំង និងបានផ្លាស់ប្ដូរសារលិខិត សំដៅរួមគ្នាជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យ ថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
ទន្ទឹមគ្នានេះ លោកបានបង្ហាញ ក៏បានសង្កេតឃើញថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន-កម្ពុជា មានការរីកចម្រើនយ៉ាងស៊ីជម្រៅ និង ក្នុងវិសាលភាពធំទូលាយ រួមមានវឌ្ឍនភាពនៃគម្រោងបង្កើត “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង “ច្រករបៀងមច្ឆា និងអង្ករ» ក្នុងខណៈដែលសម្រេចបាននូវលទ្ធផលផ្លែផ្កា នៃឆ្នាំមិត្តភាពចិន-កម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត។ ហេតុនេះ លោកបានផ្តល់សារសំខាន់ ខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា និងត្រៀមខ្លួនជាស្រេច ក្នុងការខិតខំប្រឹងប្រែងរួមគ្នា ជាមួយព្រះករុណា ដើម្បីនាំមកនូវជោគជ័យ និងផលប្រយោជន៍ជាក់ស្ដែងបន្ថែមទៀតជូនប្រជាជន នៃ ប្រទេសទាំងពីរផងដែរ៕