សម្តេចតេជោ ហ៊ុន សែន ប្រកាសរក្សាតំណែងលោក គុណ ញឹម ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា និងលោក គង់ វិបុល ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ខណៈរដ្ឋមន្ត្រីមប្រតិភូអមនាយករដ្ឋមន្ត្រីផ្សេងទៀត ត្រូវជ្រើសរើសយកតំណែងតែមួយ គឺជ្រើសជារដ្ឋលេខាធិការតាមក្រសួង និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

តាមរយៈសារសំឡេងពិសេសពាក់ព័ន្ធនឹងការងារមន្ត្រីនយោបាយ សម្រាប់អាណត្តិថ្មីក្រោមដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃសៅរ៍ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបច្ចុប្បន្នបានបញ្ជាក់ថា ការរក្សាតំណែងលោក គុណ ញឹម និងលោក គង់ វិបុល នៅមុខតំណែងដដែល ដោយសាររដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទាំងពីររូបនេះត្រូវធ្វើការងារជាមួយរដ្ឋមន្ត្រីផង និងជាមួយនាយករដ្ឋមន្ត្រីផង ដើម្បីរាយការណ៍អំពីចំណូលចំណាយប្រចាំថ្ងៃ ប្រចាំខែជាដើម។
ការប្រកាសការកែទម្រង់សម្រាប់អាណត្តិថ្មីនេះផងដែរ ចំពោះមន្ត្រីចាស់ៗដែលបានតែងតាំងហើយកាលអាណត្តចាស់ នៅតែបន្តអាណត្តិថ្មីបំពេញការងារតាមក្រសួងស្ថាប័នរបស់ខ្លួនដដែល។
ជាមួយគ្នានេះ សម្រាប់មន្រ្តីសាធារណៈ គណៈអភិបាលរាជធានីខេត្ត ក្រុងស្រុក មេទាហាន មេប៉ូលិស កងរាជអាវុធហត្ថគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិថ្មីនេះ គឺមិនមានការប៉ះពាល់ឡើយ លើកលែងតែដល់អាយុត្រូវចូលនិវត្តន៍៕