ក្រសួងកសិកម្ម៖ តម្លៃជីនិងថ្នាំកសិកម្មមានការធ្លាក់ចុះជាបន្តបន្ទាប់ក្នុងឆ្នំា២០២៣នេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក្រៅពីអះអាងតម្លៃស្រូវនៅទីវាល ជាពិសេសប្រភេទពូជស្រូវប្រាំង IR និង OM មានតម្លៃខ្ពស់មិនធ្លាប់មាននៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ តម្លៃជីនិងថ្នាំកសិកម្មមួយចំនួនបានធ្លាក់ចុះថ្លៃជាបន្តបន្ទាប់នៅក្នុងឆ្នំា២០២៣ ខណៈពេលដែលប្រភេទថ្នាំកសិកម្មផ្សេងទៀតមានការប្រែប្រួលតម្លៃតិចតួច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រូបភាព៖ភ្នំពេញបុស្តិ៍

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលថ្មីៗនេះបញ្ជាក់ថា «ក្រៅតែពីថ្លៃស្រូវមានស្ថានភាពល្អប្រសើរ តម្លៃជីកសិកម្មចាប់តាំងពីខែមករា ឆ្នាំ២០២៣ រហូតមកទល់ពេលនេះ មានការធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងនោះ ជីអ៊ុយរ៉េ ធ្លាក់ថ្លៃពី ៣៥ដុល្លារក្នុង១បាវ មកនៅត្រឹម២៣,៥ដុល្លារក្នុង១បាវ ខណៈជីដេអាប៉េ ធ្លាក់ថ្លៃពី ៤២ដុល្លារក្នុង១បាវ មកនៅត្រឹម ៣៦ដុល្លារក្នុង១បាវ។ លើសពីនេះទៀត តម្លៃថ្នាំកសិកម្មមួយចំនួនក៏ថយចុះផងដែរ ដូចជាថ្នាំកម្ចាត់ស្មៅឈ្មោះ Atrazine 80% WPបានថយចុះ ៣៥% ថ្នាំកម្ចាត់ស្មៅឈ្មោះ Glyphosate 48% SL និង 2,4, D 72% SL បានថយចុះក្នុងកម្រិតពី ២១% ដល់ ២៣% ថ្នាំកម្ចាត់ជំងឺឈ្មោះ Mancozeb 80% WP បានថយចុះ ១៤% ថ្នាំសម្លាប់សត្វល្អិត ឈ្មោះ Acephate បានថយចុះប្រមាណ ៦% ខណៈពេលដែលប្រភេទថ្នាំកសិកម្មផ្សេងទៀតមានការប្រែប្រួលតម្លៃតិចតួច»។

លោក ស៊ាន សម្បត្តិ កសិករនៅខាងខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅឆមាសទី២ឆ្នំា២០២៣នេះ លោកសង្កេតឃើញថាតម្លៃជីនិងថ្នំាកសិកម្មមានការធ្លាក់ចុះតិចតួច ហើយកសិករនៅពេលឃើញតម្លៃជីនិងថ្នំាកសិកម្មមានការធ្លាក់ចុះបែបនេះពួកគាត់មានការសប្បាយចិត្ត ធ្វើឱ្យការចំណាយរបស់គាត់ធ្លាក់ចុះ អីចឹងពួកគាត់បន់ឱ្យតែថ្លៃជីនិងថ្នំាធ្លាក់ចុះទេសម្រាប់កសិករ។

លោក ស៊ាន សម្បត្តិ លើកឡើងថា «នៅពេលជីនិងថ្នាំកសិកម្មមានតម្លៃនៅលើទីផ្សារ កសិករដែលមានដីចំការច្រើនកន្លែងពួកគាត់តែងតែមានការរអ៊ូរទំា ព្រោះការធ្វើកសិកម្មនេះមិនសូវទទួលបានប្រាក់ចំណេញនោះទេ បានត្រឹមតែទ្រទ្រង់ជីវភាពគ្រួសារប៉ុណ្ណោះ។ តែបើសិនជាតម្លៃជីនិងថ្នាំកសិកម្មចុះថោកមួយកម្រិតទៀត ពួកគាត់អាចនៅសល់ប្រាក់កម្រៃបានច្រើន បើទោះបីកសិផលរបស់ពួកគាត់មិនហក់ឡើងខ្លំាងក៏ដោយ»។

បើតាមកសិករ ស៊ាន សម្បត្តិ តាមរយៈការតាមដានព័ត៌មានតម្លៃជីនៅលើទីផ្សារបរទេស នៅពេលខាងមុខនេះអាចហក់ឡើងវិញខ្លះៗ។

ពាក់ព័ន្ធនិងវិស័យកសិកម្មនេះ បើតាមក្រសួងសង្កត់ធ្ងន់ថា «លទ្ធផលនេះកើតចេញពីការចូលរួមចំណែក និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការទម្លាក់ថវិកាទាន់ពេលវេលា សម្រាប់អន្តរាគមន៍ទប់ទល់នឹងការធ្លាក់ចុះតម្លៃស្រូវក្នុងរដូវប្រមូលផល ការសម្រួលការនាំចេញស្រូវ-អង្ករ និងការបើកឱកាសប្រកួតប្រជែងលើទីផ្សារសម្រាប់ជីនិងថ្នាំកសិកម្មដែលមានគុណភាព»៕ អត្ថបទ៖សារេត