សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅមុននេះបន្តិច បានប្រកាសថា សម្ដេចនឹងមិនបន្តកាន់មុខតំណែងជានាយករដ្ឋមន្រ្ដីទៀតទេ ខណៈសម្តេចតេជោ អះអាងថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយរដ្ឋមន្រ្តីថ្មីយ៉ាងយូរ៣សប្តាហ៍ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា សម្ដេចនឹងមិនច្រៀតជ្រែកទៅលើកិច្ចការងាររបស់នាយករដ្ឋមន្រ្ដីថ្មីនោះទេ ហើយយ៉ាងយូរប្រមាណ ៣សប្ដាហ៍ទៀតប៉ុណ្ណោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងក្លាយជានាយករដ្ឋមន្រ្ដីថ្មីពេញលេញ។
សម្តេចតេជោ បានបញ្ជាក់ថា គឺជាការចាំបាច់ខ្លាំងណាស់ក្នុងការរៀបចំ គណៈរដ្ឋមន្រ្ដីថ្មីមួយ ដែលមានថ្នាក់ដឹកនាំវ័យក្មេងជំនាន់ក្រោយ ដឹកនាំរាជរដ្ឋាភិបាល។ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុដែលសម្ដេចប្រញាប់លាលែងពីតំណែងនាយករដ្ឋមន្រ្ដី គឺជាការរៀបចំទុកជាមុន ដើម្បីការរក្សាស្ថិរភាពរយៈពេលវែងរបស់ប្រទេសកម្ពុជា ហើយសន្ដិភាព ស្ថិរភាពរយៈពេលវែងនេះហើយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា នឹងធ្វើជាប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ ដែលនឹងត្រូវឈប់ ដោយសារមានវ័យចាស់ជរា ហើយត្រូវចូលនិវត្តន៍ ព្រមទាំងបន្តធ្វើ ជាប្រធានឧត្តម ក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ ៕
អត្ដបទ៖ ពិសី