សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងចាកចេញពីតំណែង នាយករដ្ឋមន្រ្តី នៅថ្ងៃទី២២ ខែសីហា ខាងមុខ ខណៈសម្តេចអះអាងថា ក្រោយដកខ្លួន សម្តេចនឹងមិនលូកដៃ ឬជ្រៀតជ្រែកក្នុងកិច្ចការនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លើកឡើងបែបនេះ គឺត្រូវបានធ្វើឡើងតាមរយៈការថ្លែងសារពិសេស នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
បើតាមសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា៖« សម្ដេចនឹងចាកចេញពីតំណែងនាយករដ្ឋមន្រ្ដី ចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ គឺបន្ទាប់ពីសម្ដេចបានកាន់តំណែងជានាយករដ្ឋមន្រ្ដី អស់រយៈពេល ២.២១៤សប្ដាហ៍ បើគិតជាខែ៤៦៣ខែ បើគិតជាឆ្នាំ៣៨ឆ្នាំ៧ ខែ និងគិតជាថ្ងៃ ១៦.២៩៧ថ្ងៃ ដែលនេះ ជាពេលវេលាធ្វើជានាយករដ្ឋមន្រ្ដីវែងជាងគេនៅលើពិភពលោក»។
យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា ក្រោយបញ្ចប់តំណែងជានាយករដ្ឋមន្រ្តី សម្តេចនឹងធ្វើជាប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ ដែលនឹងត្រូវឈប់ ដោយសារមានវ័យចាស់ជរា ហើយត្រូវចូលនិវត្តន៍ ព្រមទាំងបន្តធ្វើ ជាប្រធានឧត្តម ក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ ៕
អត្ថបទ៖ ពិសី