តាមសំណេរលើហ្វេសប៊ុកនៅថ្ងៃទី២៦ ខែកក្កដានេះ បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា លើសពីឪពុក…ជាឪពុកដែលតែងតែផ្តល់ក្តីស្រលាញ់ដល់កូនៗ ជាគ្រូជាអ្នកដឹកនាំឆ្នើម និងជាគម្រូ។
ការគូសបញ្ជាក់របស់លោក ហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីបន្តវេនសម្រាប់អាណត្តិទី៦នេះ នៅរសៀលនេះ។
លោក ហ៊ុន ម៉ានី បានរំលេចថា មានរឿងរ៉ាវជាច្រើនដែលយើងត្រូវនិយាយ និងរៀនសូត្រពីការលះបង់ជាច្រើនរាប់មិនអស់របស់ ពុក/ សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ជាតិ មាតុភូមិ និងប្រជាជនតាំងពីយុវវ័យ រហូតដល់បច្ចុប្បន្នដែលមិនអាចមានពាក្យអ្វីនឹងថ្លែងអស់។ អ្នកដទៃអាចមិនយល់ស្របជាមួយគាត់ ក្រុមមួយក្តាប់តូច (មិនថាខ្មែរ ឬបរទេស) អាចមិនគាំទ្រគាត់ តែពួកគេមិនអាចប្រកែកបានឡើយពីស្នាដៃដ៏ធំធេង ដែលពុក / សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសបានលះបង់ជូនជាតិ និងប្រជាជនបាននោះទេ។
លោក ហ៊ុន ម៉ានី បានលើកឡើងថា បងប្អូនជនរួមជាតិប្រាកដជាបានស្តាប់នូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃនេះហើយ។ នេះជាការលះបង់ដ៏ធំធេងមួយទៀតរបស់លោក ក្នុងការមិនបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី (បើទោះបីជាលោកនៅអាចបន្តធ្វើបាន) ដើម្បីបម្រើដល់ទស្សនវិស័យវែងឆ្ងាយ ក្នុងការត្រួសត្រាយផ្លូវឱ្យអ្នកបន្តវេនបន្តទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិ និងប្រជាជន ដោយគ្មានស្ទាក់ស្ទើរ និងមិនចុះចាញ់ចំពោះឧបសគ្គ។
លោកគូសបញ្ជាក់ថា ការបន្តវេនមុន និងក្រោយគង់តែត្រូវមកដល់ក៏ពិតមែន តែច្បាស់ណាស់ថា ក្រោមការដឹកនាំរបស់បងប្រុស ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលនឹងនៅតែបន្តបម្រើដោយស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជន ឥតងាករេ និងមានតែប្រឹងប្រែងទ្វេដងថែមទៀត។
ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា លើសពីឪពុក ១) ការបម្រើជាតិ និងប្រជាជនដោយស្មោះស្ម័គ្រឥតងាករេពេញមួយជីវិត ២) ការតម្កល់ «ជាតិ និងប្រជាជនជាចម្បង» មិនត្រឹមតែជាពាក្យសម្រាប់តែនិយាយ ដើម្បីគ្រាន់តែស្តាប់ពិរោះប៉ុណ្ណោះទេ តែវាបានកើតចេញពីការសង្កេត ការរៀនសូត្រ និងការហ្វឹកហាត់ខ្លួន ដើម្បីក្លាយខ្លួនជាបុគ្គលមួយរូបដែលមានជំនឿជាក់ និងការលះបង់ដូចសព្វថ្ងៃ។ ៣) សិល្បៈនៃការដឹកនាំ ដែលមានទាំងចក្ខុវិស័យ និងភាពជាក់ស្តែងនិយមក្នុងការអនុវត្ត បត់បែនទៅតាមដំណាក់កាលនៃការវិវឌ្ឍសង្គមចាប់តាំងពីឆ្នាំ ១៩៨០ រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពម៉ឺងម៉ាត់ និងជំហររឹងមាំលើឆាកអន្តរជាតិ តែទន់ភ្លន់ កក់ក្តៅជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ជាពិសេសគឺជនរួមជាតិកម្ពុជា។
បើតាមកអ្នកបន្តវេនរូបនេះ ក្នុងស្មារតីនេះ ក្នុងនាមជាយុវជនកម្ពុជាមួយរូប លោកសូមសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ពុក/សម្តេចតេជោ ថ្នាក់ដឹកនាំគណបក្ស និងរាជរដ្ឋាភិបាលទាំងអស់ដែលបានលះបង់ស្ទើរពេញមួយជីវិត ជាពិសេស លះបង់យុវវ័យរបស់ខ្លួនដើម្បីជាតិ ស្រោចស្រង់ចេញពីគំនរផេះផង់នៃសង្រ្គាមផ្ទៃក្នុង ទៅកាន់ត្រើយសន្តិភាព ដឹកនាំប្រទេសពីបាតដៃទទេ ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ពីប្រទេសដែលយុវជនស្ទើរតែគ្មានឱកាសសោះ ទៅជាប្រទេសដែលបង្កើតឱកាសជាច្រើន ក្នុងបរិយាកាសមិនចាញ់ប្រទេសដទៃ ក៏ដូចជាបណ្តាស្នាដៃជាច្រើនរាប់មិនអស់ផ្សេងទៀត។
លោកថ្លែងថា ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំគ្មានពាក្យអ្វីក្រៅពីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតអស់ពីដួងចិត្ត នូវពលិកម្មដ៏ធំធេងរបស់លោកក្នុងបេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាជន។ សូមអរគុណចំពោះការប្រែក្លាយកម្ពុជា ពីកម្ពុជា៤ទសវត្សមុនឱ្យទៅជាកម្ពុជាដែលពោរពេញដោយឱកាសដើម្បីលូតលាស់ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងចំពោះការបង្ហាញផ្លូវ និងផ្តល់ភាពជាគម្រូដល់កូនចៅជំនាន់ក្រោយដើម្បីបន្តទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិតទៅមុខ។ ព្រះរាជាណាចក្រកម្ពុជានឹងបន្តដំណើរទៅមុខប្រកបដោយសុទិដ្ឋិនិយម មោទកភាព ភាពជឿជាក់ ភាពស្វាហាប់ និងការប្តេជ្ញាចិត្តខ្ពស់ដើម្បីបុព្វហេតុជាតិ និងប្រជាជនឆ្ពោះទៅមុខទៀត។ បងណែត! ពួកយើងជឿជាក់លើបង!៕