គ្មានទៀតទេភាពស្រពេចស្រពិល ចំពោះបេក្ខភាពនាយករដ្ឋមន្ត្រី នៅអាណត្តិទី៧ ។ តាមរយៈសេចក្តីថ្លែងការណ៍ពិសេស នៅថ្ងៃទី២៦ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទៅកាន់ជនរួមជាតិថាសម្រេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីទៀតទេ ហើយនឹងត្រូវជំនួសដោយឯកឧត្តម ហ៊ុន ម៉ាណែត នឹងបន្តធ្វើជានាយករដ្ឋមន្ត្រី ចាប់ពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ទៅ។

ផ្អែកតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច បាន៥អាសនៈ ក្នុងចំណោមអាសនៈរដ្ឋសភាសរុប១២៥អាសនៈ។ លទ្ធផលនេះច្បាស់ណាស់ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំបង្កើតរដ្ឋាភិបាលបន្តដឹកនាំប្រទេស ហើយបេក្ខភាពនាយករដ្ឋមន្ត្រី គឺឯកឧត្តម ហ៊ុន ម៉ាណែត ។

ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ឯកឧត្តម កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅភូមិកោះថ្ម ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ) ក្នុងអំឡុងពេលដែលសម័យខ្មែរក្រហម។បច្ចុប្បន្ន មានតំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និង ជាមេបញ្ជាការរងនៃកងអង្គរក្សរបស់នាយករដ្ឋមន្រ្តី ។
នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ឯកឧត្តមគឺជាសមាជិកនៃ គណៈកម្មាធិការអចិន្ត្រៃយ៍ ជាប្រធានចលនា យុវជនរបស់គណបក្ស និង ជាអនុប្រធាន នៃគណៈចលនាមហាជន ។
កាលពីក្នុង អង្គសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤៣ គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតគាំទ្រ ជា ឯកច្ឆ័ន្ទ ដល់ឯកឧត្តមជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានសមត្ថភាពប្រើប្រាស់ភាសាបរទេសបាន៣ ភាសាគឺភាសាអង់គ្លេស បារាំង និងភាសាថៃ។ នៅឆ្នាំ១៩៩៤-១៩៩៩ ឯកឧត្តម ហ៊ុន ម៉ាណែត បានទៅសិក្សានៅសាលាបណ្ឌិតយោធានៅក្រុង West Point សហរដ្ឋអាមេរិក ដោយទទួលបានសញ្ញាបត្រនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩ ខណៈនៅឆ្នាំ២០០២ ឯកឧត្តម ទទួលបានសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ សេដ្ឋកិច្ច ពីសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក។ លុះនៅឆ្នាំ២០០៨ ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលបានសញ្ញាបត្របណ្ឌិត សេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស។

ឯកឧត្តម បានបំពេញកិច្ចការងារជាច្រើន ដើម្បីលើកស្ទួយសង្គម ការពារជាតិ មាតុភូមិកម្ពុជានៅលើឆាកអន្តរជាតិ ។ ជាក់ស្តែងនៅប៉ុន្មានឆ្នាំចុងក្រោយ ពោលគឺក្នុងពេលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ ១៩ ឯកឧត្តម និង ភរិយា គឺ លោក ជំទាវ ពេជ្រ ច័ន្ទមុន្នី គឺបានធ្វើយ៉ាងសស្រាក់សស្រាំ ក្នុងការការពារអាយុជីវិតប្រជាជនកម្ពុជា ពីជំងឺដ៏កាចសាហាវនេះផងដែរ៕