បណ្ឌិត គិន ភា៖ ពេលនេះជាងពេលណាៗទាំងអស់ដែលប្រជាជាតិកម្ពុជាទាំងមូលគាំទ្រ អបអរសាទរនូវផែនការបន្តវេន

សង្គម​ និង​សេដ្ឋកិច្ច

«ការបន្តវេនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាការផ្ទេរដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៃប្រទេសកម្ពុជានាសតវត្សរ៍ទី២១»។ នេះសារលើកឡើងលើទំព័រហ្វេសប៊ុលផ្ទាល់ខ្លួនរបស់បណ្ឌិត គិន ភា មន្រ្តីផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត គិន ភា បានមើលឃើញថា ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដាម្សិលមិញនេះ បានបង្កើតនូវភាពច្បាស់លាស់មួយនៃផែនការបន្តវេនដែលរៀបចំឡើងយ៉ាងល្អឥតខ្ចោះរបស់គណបក្សប្រជាជនកម្ពុជា ដោយគោរពទៅតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យផងដែរ។

លោកបណ្ឌិតបន្តថា ការអនុវត្តផែនការបន្តវេននេះជាការផ្ទេរដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៃប្រទេសកម្ពុជានាសតវត្សរ៍ទី២១ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេលើពិភពលោក និងជាអ្នកដឹកនាំជំនាន់ទី១នៃគណបក្សប្រជាជនកម្ពុជា នឹងចាកចេញពីតំណែងជានាយកដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ខាងមុខ ហើយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលអ្នកដឹកនាំជំនាន់ទី២ នឹងចូលមកទទួលខុសត្រូវក្នុងមុខតំណែងដ៏មានសារៈសំខាន់មួយនេះ។

បើតាមបណ្ឌិត គិន ភា ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំមកនេះ កម្ពុជាមិនដែលមានការផ្ទេរអំណាចឬការបន្តវេនប្រកបដោយសន្តិភាពនិងសេចក្តីស្ងប់សុខម្តងណាទេ។ ប្រទេសដ៏កម្សត់មួយនេះពើបប្រទះតែសង្គ្រាមដណ្តើមអំណាច ចលាចលសង្គម ការបែកបាក់ជាតិ និងការរស់ក្រោមនឹងត្រួតត្រាបរទេស ដែលកើតមានស្ទើរគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ, ជាពិសេស ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០-១៩៨០ ប្រវត្តិសាស្ត្រកម្ពុជាបានចារដោយភ្នំឆ្អឹង ស្ទឹងឈាម និងសមុទ្រទឹកភ្នែកនៃប្រជាជនខ្មែរ។ ក្រោយថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់អ្នកដឹកនាំជំនាន់ទី១នៃគណបក្សប្រជាជនកម្ពុជា ប្រជាជាតិកម្ពុជាទាំងមូលបានរួចរស់ពីជ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងបានដណ្តើមមកវិញនូវសិទ្ធិរស់រានមានជីវិត, បានស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសង្គមនិងសេដ្ឋកិច្ចពីគំនរផេះផង់នៃភ្នក់ភ្លើងសង្គ្រាម, បានធ្វើឱ្យរស់ឡើងវិញនូវព្រលឹងនៃវប្បធម៌ជាតិ ជំនឿ សាសនា និងប្រពៃណី និងនាំត្រឡប់មកវិញនូវប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជន។

លោកបន្ថែមថា រយៈពេលជាង៤ទសវត្សរ៍មកនេះ ជាមួយនឹងការយកអាយុជីវិតជាដើមទុន អ្នកដឹកនាំជំនាន់ទី១នៃគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុរំដោះជាតិ, ស្តារនិងកសាងប្រទេសជាតិឡើងវិញ, ទប់ស្កាត់ការវិលត្រឡប់នៃរបសប្រល័យពូជសាសន៍, នាំមកនូវសន្តិភាពពេញផ្ទៃប្រទេសដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ, អភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ជាងពីរទសវត្សរ៍, នាំមកនូវមោទនភាពនិងកិត្យានុភាពជាតិលើឆាកអន្តរជាតិ, លើកកម្ពស់តួនាទីកម្ពុជាក្នុងកិច្ចការតំបន់និងពិភពលោក, ពង្រឹងដំណើរការប្រជាធិបតេយ្យភាវូបនិយកម្ម, លើកស្ទួយសិទ្ធិមនុស្សនិងនីតិរដ្ឋ, និងការពារយ៉ាងប្តូរផ្តាច់នូវអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យជាតិ។

មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជារូបនេះ ក៏បានសង្កេតឃើញដែរថា ឥឡូវនេះ រដ្ឋបុរសដ៏មហិមាម្នាក់នេះ និងអេគីបរបស់គាត់ បានផ្ទេរការទទួលខុសត្រូវដ៏សំខាន់ស្លាប់រស់ទាំងនេះទៅកាន់អ្នកបន្តវេន គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងអេគីបថ្មីរបស់គាត់ ដើម្បីបន្តនិរន្តរភាពជាតិ រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ជាពិសេស ថែរក្សានិងការពារឱ្យបានជាដាច់ខាតនូវសមិទ្ធផលនិងមរតកទាំងឡាយដែលអ្នកដឹកនាំជំនាន់ទី១បង្កើតឡើងនិងបន្សល់ទុក, សម្រេចឱ្យបាននូវចក្ខុវិស័យដែលអ្នកដឹកនាំជំនាន់ទី១បានដាក់ចេញ ដូចជា ការរំដោះកម្ពុជាចេញពីឋានៈនៃប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC), ការប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាដើម, ព្រមទាំងបង្កើតនូវសមិទ្ធផលនិងមរតកថ្មីៗថែមទៀត សម្រាប់អ្នកជំនាន់ក្រោយ ដើម្បីឱ្យពួកគេកាន់តែមានមោទនភាពនិងសុទិដ្ឋិយមចំពោះប្រទេសជាតិ។

លោកបន្ថែមទៀតថា ពេលនេះ ជាងពេលណាៗទាំងអស់ ដែលប្រជាជាតិកម្ពុជាទាំងមូលគាំទ្រ អបអរសាទរ និងមានសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែងចំពោះការអនុវត្តផែនការបន្តវេននៃមគ្គុទេសក៍ជាតិ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ ហើយដែលឆ្លើយតបទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋនិងសំណូមពរនៃសភាពការណ៍សង្គមនិងនយោបាយ។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបផ្ញើក្តីសង្ឃឹមទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តដឹកនាំនាវាកម្ពុជាលើមាគ៌ាដ៏ត្រឹមត្រូវ និងត្រូវការពារឱ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន ដែលជាបណ្ដាំដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន៕