ព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរ ដែលត្រៀមដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នំា២០២៣ខាងមុខនេះ ត្រូវបានគេមើលឃើញថា បានបង្កើតនៅឱកាសការងារដល់ពលរដ្ឋនិងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងតំបន់បានច្រើននាពេលខាងមុខនេះ។
យោងតាមប្រធានសមាគមទេសចរណ៍កម្ពុជា ក្រៅពីចាត់ទុកព្រលានយន្តអន្តរជាតិ សៀមរាបអង្គរ ជាទ្រព្យរបស់វិស័យទេសចរណ៍ ហើយនាំមកនូវការកើនឡើងនៃជើងហោះហើរត្រង់។ព្រលានយន្តថ្មីនេះបានបង្កើតឱកាសការងារនិងបង្កើតមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានច្រើនសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នាពេលខាងមុខនេះ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា មានប្រសាសន៍ថា «កាលណាព្រលានយន្តហោះថ្មីមានការហូរចូលនៅចំនួនយន្តហោះខ្នាតធំៗមានច្រើន នោះចំនួនភ្ញៀវទេសចរក៏មានការកើនឡើងច្រើនដែរ។នេះជាការផ្តល់នៅឱកាសការងារទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បានយ៉ាងច្រើន និងបង្កើតនៅមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការផ្តល់សេវាកម្ម ការលក់ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍រួមនិងសេវាកម្មផ្សេងៗ ជាច្រើនទៀត»។
ប្រធានសមាគមទេសចរណ៍កម្ពុជារូបនេះលើកឡើងថា ផ្អែកលើទំតំាងព្រលានយន្តហោះថ្មីមានចម្ងាយឆ្ងាយពីទីប្រជុំជន នំាឱ្យការធ្វើដំណើរចំណាយពេលវេលាយូរ។ដូចនេះអ្នកដំណើរអាចមានការឈប់សម្រាកខ្លះៗនៅតាមដងផ្លូវ ប្រមើមើលការលក់ដូរផ្សេងៗ ពេលនោះអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រពន្ធ័អាចទាញការចំណាយរបស់អ្នកដំណើរឬភ្ញៀវទេសចរជាតិក៏ដូចអន្តរជាតិបាន។
លោកស្រី មានប្រសាសន៍ថា ព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរថ្មីនេះ អាចបង្ករលក្ខណៈឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់អាចប្រកបមុខរបរបន្ថែមបានទំាងខ្នាតតូចនិងខ្នាតធំ នៅតាមដងផ្លូវនិងនៅក្នុងព្រលានយន្តហោះបន្ថែមបាន ដោយសារការធ្វើដំណើរត្រូវការចំណាយពេលវេលា ជាហេតុធ្វើឱ្យអ្នកដំណើរត្រូវទៅមុនកាលកំណត់។ដូចនេះគេអាចចំណាយប្រាក់មួយចំនួនទៅលើសម្ភារៈ សេវាកម្មក៏ដូចជាទៅលើអាហារមួយចំនួន ខណៈពេលកំពុងរង់ចំាជើងហោះហើរមកដល់។
លោកស្រី ឆាយ ស៊ីវលីន សង្កត់ធ្ងន់ថា «ខ្ញុំមើលឃើញមានការចាប់អារម្មណ៍ខ្លះៗ ហើយទៅលើមុខរបរដែលទាក់ទងទៅនិងព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរនេះ។គ្រាន់តែពលរដ្ឋខ្លះគាត់អត់ទាន់បង្ហាញសកម្មភាព ឬគាត់កំពុងរងចំាមើលសិន។ ក៏ប៉ុន្តែខ្ញុំគិតថា ពលរដ្ឋគាត់បានចាប់ផ្តើមនៅមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះបណ្តើៗហើយ ព្រោះមានការសាកសួរនៅព័ត៌មានជាច្រើននៅពេលដំណើរទស្សនៈកិច្ចរបស់ពួកយើងបានទៅដល់ព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរ នាពេលថ្មីៗកន្លងទៅនេះ»។
លោក ធឿន វុឌ្ឍី មគ្គុទេសក៍ទេសចរណ៍ប្រចំាខេត្តសៀមរាប បានឱ្យដឹងថា ទាក់ទងការដាក់ឱ្យដំណើរការជាផ្លូវការនៅព្រលានយន្តអន្តរជាតិ សៀមរាបអង្គរ នៅពេលប៉ុន្មានថ្ងៃដំបូងកន្លងមកនេះ មិនសូវមានអ្នករំជើបរំជួលប៉ុន្មាននោះទេ។
លោកបន្តថា «សម្រាប់ពលរដ្ឋរស់នៅខាងសៀមរាបផ្ទាល់ ពួកគាត់មិនទាន់មានក្តីសង្ឃឹមលើការបង្កើតមុខរបរក្រៅប្រព័ន្ធប៉ុន្មាននោះទេ គាត់រង់ចំាមើលសិន បើសិនមានភ្ញៀវទេសចរចូលមកច្រើនមែននោះ ម្នាក់ៗនឹងរៀបចំបណ្តើរធ្វើបណ្តើរ ទាក់ទងនិងការងារក៏ដូចជាការបង្កើតមុខរបររបស់ខ្លួន»៕
អត្ថបទ៖សារេត