លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានលើកឡើងពីគោលបំណងខ្លួនក្នុងការរៀបកម្មវិធីទស្សនកិច្ចសិក្សាឲ្យសមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ ទៅពិនិត្យរោងចក្រផលិតយន្តហោះ ឧទ្ធម្ភាគចក្រ និងឧបករណ៍អវកាសរបស់កូរ៉េ នាពេលខាងមុខ។

តាមរយៈទំព័រហ្វេសប៊ុករបស់លោកទូតផ្ទាល់ ស្ថានទូតកម្ពុជាកំពុងសហការជាមួយ Korea Aerospace Industries ដែលជាឧស្សាហកម្មថ្នាក់ជាតិផលិតយន្តហោះ ឧទ្ធម្ភាគចក្រ និងឧបករណ៍អវកាសរបស់កូរ៉េ។ ឧស្សាហកម្មនេះ មានទាំងគុណភាព និងបច្ចេកវិទ្យាទំនើប ហើយក៏បានទទួលពលករខ្មែរធ្វើការតាមនៅតាមរោងចក្រសហគ្រាសដែលផលិតគ្រឿងបង្គុំនិងបន្លាស់ហើយផ្គត់ផ្គង់ឲ្យ KAI នេះផងដែរ។

ដូចនេះហើយ ស្ថានទូតកម្ពុជាកំពុងសិក្សាលើលទ្ធភាពរៀបចំកម្មវិធីទស្សនកិច្ចសិក្សាឲ្យសមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ ទៅពិនិត្យរោងចក្រផលិតយន្តហោះ ឧទ្ធម្ភាគចក្រ និងឧបករណ៍អវកាសរបស់កូរ៉េ នាពេលខាងមុខដ៏ខ្លី ដែលនឹងផ្តល់បទពិសោធន៍ដ៏ល្អថ្លៃថ្លាសម្រាប់និស្សិតខ្មែរនៅកូរ៉េ ជាពិសេសក្នុងការទាញយកសម្រាប់ទៅប្រើប្រាស់នៅពេលដែលពួកគាត់បានបញ្ចប់ការសិក្សា និងទៅបម្រើការតាមស្ថាប័ននានានៅក្នុងប្រទេសកម្ពុជាវិញ។

បន្ថែមពីនេះ KAI នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យការពារ និងដឹកជញ្ជូនផ្នែកអាកាស ក្នុងពេលដ៏ឆាប់ខាងមុខ។





ប្រភព៖ លោក ឡុង ឌីម៉ង់