ភ្ញៀវទេសចររហូតជាង ២លាន៦៤ម៉ឺននាក់ បានចូលទស្សនាក្នុងតំបន់អង្គរ ត្រឹមរយៈពេល៧ខែ មកនេះ

សង្គម​ និង​សេដ្ឋកិច្ច

មន្ទីព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមរយ:ពេល ៧ខែដើមឆ្នាំ២០២៣ ភ្ញៀវទេសចរទស្សនា ក្នុងតំបន់អង្គរ បានជាង ២លាន៦៤ម៉ឺននាក់ ខណៈចំនួននេះ មានការកើនឡើងគួរឱ្យកត់សំគាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ទីព័ត៌មានខេត្តសៀមរាប បានដកស្រង់សម្តី លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះថា ក្នុងចំណោមភ្ញៀវទសចរជាតិ និងអន្ដរជាតិជាង ២,៦៤៣,០០០នាក់នោះ មានលំហូរភ្ញៀវទេសចរខ្មែរ ចំនួន ២,២០៣,៦៩៦នាក់ និងភ្ញៀវទេសចរអន្ដរជាតិទិញសំបុត្រចូលទស្សនាអង្គរ មាន ៤៣៩,៣៦៥នាក់ ខណ:ដែលឆ្នាំ២០២២កន្លងមក មានភ្ញៀវបរទេសមកទស្សនាតំបន់អង្គរ ត្រឹមតែ ៨៣,៨៥៤នាក់ប៉ុណ្ណោះ។

ដោយលោកបានបន្ដថា៖« ក្នុងរយ:ពេល ៧ខែ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៣នេះ មានអ្នកទេសចរសរុបចំនួន ២,៦៤៣,០៦១នាក់ ហើយចាប់ពីខែកញ្ញាឆ្នាំ២០២៣ខាងមុខនេះ ភ្ញៀវទេសចរអាចនឹងកើនឡើង ខណ:ដែលរាជរដ្ឋាភិបាល បើឱ្យដំណើរការព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរនៅពាក់កណ្ដាលខែតុលាខាងមុខ»។

ពាក់ព័ន្ធនឹងចំនួនភ្ញៀវ លោក អះអាងដែរថា យើងសង្ឃឹមថា នឹងមានការកើនឡើងនៅក្នុងខែ៩ រហូតដល់ចុងខែធ្នូ អត្រាចំនួនភ្ញៀវមានការកើនឡើងនូវភ្ញៀវទេសចរអន្ដរជាតិ ព្រោះបើយើងប្រៀបធៀបភ្ញៀវទេសចរ ៧ខែ កាលពីឆ្នាំ២០២២ កន្លងមក មានតែ ៨ម៉ឺននាក់ជាង ដល់ឥឡូវនៅឆ្នាំ២០២៣មានរហូតជិតទៅដល់ ៤៤ម៉ឺននាក់ ចឹងវាមានការកើនឡើងប្រហែលជាង ៤០០ភាគរយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរ បានបង្ហាញថា នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ចំនួនភ្ញៀវចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៥៣,៥៩៦នាក់ បើធៀបរយ:ពេលដូចគ្នានឹងឆ្នាំ២០២២ កើនឡើងជាង ១២៤ភាគរយ។ ដោយបានចំណូលថវិកា ២,៤៣៩,៩២៧ដុល្លា បើបរៀបធៀបនឹងឆ្នាំ២០២២ កើនឡើងជាង ១៥៤ភាគរយ។ ចំណូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ខែកក្កដាឆ្នាំ២០២៣ ចំនួន ១០៧,១៩២ដុល្លា។សេចក្ដីប្រកាសដដែលបានបន្ថែមថា ក្នុងរយ:ពេល ៧ខែ ឆ្នាំ២០២៣នេះ ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរ សម្រាប់ភ្ញៀវទេសចរអន្ដរជាតិ មានចំនួន ២,០៣១,៧៣៤៥ដុល្លា កើនឡើងជាង ៥០០ភាគរយ ប្រៀបធៀបក្នុងរយ:ពេលដូចគ្នានៃឆ្នាំ២០២២កន្លងមក ខណ:ដែលភ្ញៀវទេសចរអន្ដរជាតិទិញសំបុត្រមានចំនួន ៤៣,៩៣៦៥នាក់ កើនឡើងជាងឆ្នាំ២០២២ ជាង ៤០០ភាគរយក្នុងរយ:ពេល ៧ខែនេះ។

សេចក្ដីប្រកាសព័ត៌មានបានបន្ដថាចំណូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផារយ:ពេល ៧ខែក្នុងឆ្នាំ២០២៣ មានចំនួន ៨៧៨,៧៣០ដុល្លា។ ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ សម្រាប់ខែកក្កដា មានចំនួន ១០,៥៩០ដុល្លារ និងរយ:ពេល ៧ខែ មានចំនួនជាង ១០ម៉ឺនដុល្លារ។ ចំណូលពីការលក់សំបុត្រទូករយ:ពេល ៧ខែ ឆ្នាំ២០២៣ មានចំនួន ៣២៨, ៦៦៨ដុល្លា៕