ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ទុនបម្រុងអន្តរជាតិកម្ពុជា មានការកើនឡើងដល់ ១៨,៤ ប៊ីលានដុល្លារ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ដែលនឹងអាចទប់ទល់ការនាំចេញនាំចូលទំនិញ និងសេវាកម្ម សំខាន់ៗ សម្រាប់រយៈពេល៧ខែ ក្នុងករណីមានគ្រាបន្ទាន់ណាមួយ។
យោងតាម របាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិ នៃកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដា បានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ ទុនបម្រុងអន្ដរជាតិមានចំនួន ១៨,៤ ប៊ីលានដុល្លារ បានកើនឡើងបន្តិចវិញប្រមាណ ៣,២ ភាគរយ ធៀបនឹងចុងខែធ្នូ ឆ្នាំ២០២២ បើទោះបីជាទទួលរងសម្ពាធពីការដួលរលំធនាគារពាណិជ្ជមួយចំនួននៅសហរដ្ឋអាមេរិក និង ការខាតបង់របស់ធនាគារ Credit Suisse ដែលជាធនាគារធំមួយនៅប្រទេសស្វីស និងការ ដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលនៃប្រទេសអភិវឌ្ឍន៍។
របាយការណ៍នេះបានលើកឡើងថា “ការកើនឡើងទុនបម្រុងនេះ ជាលទ្ធផល ពីការកើនឡើង ចំណូលពីការវិនិយោគក្រៅប្រទេស ថ្លៃមាស និងប្រាក់បញ្ញើរបស់ រាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅធនាគារជាតិនៃកម្ពុជា”។
របាយការណ៍នេះ បានបន្តថា កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិនេះ បង្ហាញពីលទ្ធភាព រក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ ទំនុកចិត្តលើរូបិយវត្ថុជាតិ មូលដ្ឋានសម្រាប់ការខ្ចីក្រៅប្រទេស ព្រមទាំងផ្តល់ការការពារគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការសន្ទនីយភាពទប់ទល់ នឹង វិបត្តិខាងក្រៅ។ បន្ថែមពីនេះ ការវិនិយោគទុនបម្រុងអន្តរជាតិត្រូវបានអនុវត្តដោយមានភាពបត់បែន ហើយហានិភ័យ នសការវិនិយោគត្រូវបានគ្រប់គ្រងនិងតាមដានយ៉ាងហ្មត់ចត់ និងគោរព តាមសេចក្ដីណែនាំការវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធានាបានការគ្រប់គ្រងទុន បម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព សន្ទនីយភាព និងទទួលបានចំណូលសមស្រប។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បានបន្តយកចិត្តទុកដាក់លើការបង្កើនការវិនិ យោគលើសញ្ញាប័ណ្ណបៃតង (Green bonds) និងសញ្ញាប័ណ្ណ ដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច(ESG) ដែលបោះផ្សាយដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ នៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងនៅតំបន់អឺរ៉ុប។
របាយការណ៍ដដែល បានឱ្យដឹងដែរថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៨៥,៧ ទ្រីលានរៀល (៤៥,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៩% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ វិនិយោគផ្ទាល់បរទេសនៅកម្ពុជានេះ គឺមានប្រភពទុនចម្បង មកពីប្រទេស ចិន កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។
ទាក់ទិននឹងការស្តារកំណើនសេដ្ឋកិច្ចកម្ពុជាវិញ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ដែរថា ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការស្តារកំណើនសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជានឹងបន្តរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា នឹងខិតខំអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន ការពង្រឹងភាពធន់នៃប្រព័ន្ធធនាគារ ការលើកកម្ពស់ប្រសិទ្ធភាពនិងសុវត្ថិភាពប្រព័ន្ធទូទាត់ ព្រមទាំងត្រៀមខ្លួនដាក់ចេញនូវនយោបាយនិងវិធានការគាំទ្រចាំបាច់នានា ប្រកបដោយភាពប្រុងប្រយ័ត្ននិងបត់បែនខ្ពស់ ស្របតាមការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងជាដើម៕