សម្តេចតេជោ៖ ការសម្រេចចាកចេញពីតំណែងនាយករដ្ឋមន្រ្តី គឺដើម្បីសេចក្តីសុខរយៈពេលវែងរបស់ប្រជាជនកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នឹងត្រូវចាកចេញពីតំណែងនាយករដ្ឋមន្រ្តីនាពេលដ៏ខ្លីខាងមុខនេះ ដោយជំនួសមកវិញដោយនាយករដ្ឋមន្រ្តីថ្មី គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចចាកចេញពីតំណែងនាយករដ្ឋមន្រ្តី គឺដើម្បីសេចក្តីសុខរយៈពេលវែងរបស់ប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង កាលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការចាកចេញរបស់សម្តេចពីតំណែងនាយករដ្ឋមន្ត្រី គឺជាការលះបង់ដ៏ធំធេង ដើម្បីធានានិរន្តរភាព នៃសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា ខណៈសម្តេចចង់ឃើញអ្នកជំនាន់ថ្មី ដែលយុវជនជំនាន់ក្រោយ បំពេញទួនាទីនេះឱ្យបានលឿនតាមដែលអាចធ្វើបានផងដែរ។

យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា ការចាកចេញពីតំណែងនាយករដ្ឋមន្រ្ដីរបស់សម្ដេចនាពេលខាងមុខ(ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣) គឺមិនមែនជាការចាកចេញដោយរត់ចោលស្រុកនោះទេ ពោលសម្ដេចនៅតែបន្តនៅជាមួយប្រជាជនកម្ពុជាជារៀងរហូត។

ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានប្រកាសទៀតថា ការបោះឆ្នោតនៅកម្ពុជានៅក្នុងអាណត្តិទី៧ ឆ្នាំ២០២៣នេះ គឺបានបង្ហាញពីជោគជ័យ នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា តាមរយៈការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលុប ខណៈសម្តចេក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាទៅបោះឆ្នោតគាំទ្រគនបក្សប្រជាជនកម្ពុជា ដែលមានចំនួន៨២,៣០ភាគរយ ក្នុងចំណោមអ្នកទៅបោះឆ្នោតសរុប៨៤,៥៨ភាគរយផងដែរ។

គួរបញ្ជាក់ដែរថា បើតាមសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា សម្ដេចនឹងចាកចេញពីតំណែងនាយករដ្ឋមន្រ្ដី ចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ គឺបន្ទាប់ពីសម្ដេចបានកាន់តំណែងជានាយករដ្ឋមន្រ្ដី អស់រយៈពេល ២.២១៤សប្ដាហ៍ បើគិតជាខែ៤៦៣ខែ បើគិតជាឆ្នាំ៣៨ឆ្នាំ៧ ខែ និងគិតជាថ្ងៃ ១៦.២៩៧ថ្ងៃ ដែលនេះ ជាពេលវេលាធ្វើជានាយករដ្ឋមន្រ្ដីវែងជាងគេនៅលើពិភពលោក៕

អត្ថបទ៖ ពិសី