លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក កូនប្រុសរបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងជា អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ទទួលបានការតែងតាំងមុខតំណែងខាងលើនេះ គឺជំនួសនាយឧត្តមសេនីយ៍ ស៊ុំ សំណាង ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ។ មុនទទួលបានតំណែង អគ្គនាយក លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្ដុភារ ហរិញ្ញវត្ថុ ក្រសួងការពារជាតិ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ជាកូននាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ទទួលបន្ទុកការងារភស្តុភារហិរញ្ញវត្ថុ ជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាប្រធានក្រុមការងារអនុវត្ដ គម្រោងប្រព័ន្ធបច្ចេកវិទ្យាព៌តមាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងការពារជាតិ ខណៈដែលបងប្រុសរបស់លោកក៏សុទ្ធសឹងជាថ្នាក់ដឹកនាំជាន់ខ្ពស់ផងដែរ ក្នុងនោះលោក ម៉ឹង មករា ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឧត្តមសេនីយ៍ឯក ម៉ឹង កុម្ភៈ ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ៕