លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល អាយឌី ឃែភីថល ម.ក (ID CAPITAL PLC.) បានក្លាយជាសមាជិកថ្មី នៃសភាពាណិជ្ជកម្មកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ។

អាយឌី ឃែភីថល ម.ក ជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ដែលមានអាសយដ្ឋានស្ថិតនៅ អគារ Flatiron Unit ១៥-១៦ ជាន់ទី២៥ ផ្លូវលេខ ១០២ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ជាយុវជនឆ្នើមមួយរូប ដែលលះបង់និងតែងចូលរួមក្នុងកិច្ចការសង្គម និងមានតួនាទីសំខាន់ៗក្នុងកិច្ចការសង្គមជាច្រើនដូចជា៖ ប្រធានក្រុមប្រឹក្សាភិបាល សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍, ប្រធានអង្គការយុវជនដើម្បីមាតុភូមិ, ស្ថាបនិក និងជាប្រធាន ក្រុមការងារមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩, អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា, សមាជិកក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សមាជិកគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ទូទាំងប្រទេស, អតីតប្រធានក្រុមអតីតនិស្សិតកម្ពុជា នៃសាលាគោលនយោបាយលីក្វាងយូរ និងធ្លាប់ទទួល Awards កម្រិតជាតិ និងអន្តរជាតិផ្សេងៗជាច្រើនដូចជា “Rising Star” ពី ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន៕

