ហិរញ្ញប្បទាន ៥៤ លានដុល្លារធនាគារ SME ផ្តល់ទៅឲ្យអាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួន ៣៤៩

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារ SME បានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ មានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៤៩ ដែលទទួលបានហិរញ្ញប្បទាន ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ជាមួយទំហំហិរញ្ញប្បទានចំនួន ៥៤ លានដុល្លារអាមេរិក ឬស្មើនឹង ៣៦% នៃគម្រោងថវិកាសរុប ១៥០ លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ធនាគារ SME កាលពីថ្ងៃទី៣ ខែសីហា បានឱ្យដឹងថា ទំហំហិរញ្ញប្បទានចំនួន ៥៤ លានដុល្លារអាមេរិក ក្នុងនោះមាន ហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារមាន ២៩% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៥% អាជីវកម្មភោជនីយដ្ឋានមាន ៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៥% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤១%។

សូមរម្លឹកដែរថា វិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតការងារ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាអកុសល ក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១, វិស័យទេសចរណ៍ បានធ្លាក់ចុះជាគំហុក ដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ និងបានបណ្តាលឱ្យសហគ្រាសជាច្រើន ក្នុងវិស័យនេះមានការវិវឌ្ឍមិនល្អ ដោយម្ចាស់អាជីវកម្មមួយចំនួនធំ បានកាត់បន្ថយ ផ្អាក ឬបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង ដែលជាហេតុនាំឱ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់ការងារ និងប្រាក់ចំណូល។

ហេតុដូចនេះ ដើម្បីជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយធនាគារ​ជាដៃគូរ បានបង្កើតគម្រោងសហហិរញ្ញប្បទានលើវិស័យទេសចរនេះ ​បានចាប់ផ្តើមឡើងក្នុងខែ កក្កដា ឆ្នាំ ​២០២២ ដោយគម្រោងនេះផ្តល់ជូននូវអត្រាការប្រាក់ពិសេសជូនដល់សហគ្រាស ឬអាជីវកម្ម​ដែលរងនូវផលប៉ះពាល់ ក្នុងអត្រាការប្រាក់អតិបរមា ៦.៥% ក្នុងមួយឆ្នាំ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ធ្លាប់បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការ «គម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍» ជាមួយនឹងគម្រោងថវិកាសរុបចំនួន ១៥០ លានដុល្លារអាមេរិកនេះ គឺបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន ៧៥ លានដុល្លារអាមេរិក តាមរយៈធនាគារ SME និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥ លានដុល្លារអាមេរិក៕

អត្ថបទ៖ ពិសី