កូរ៉េ មានគម្រោងបង្កើតរោងចក្រកែច្នៃស្វាយចន្ទីនៅកម្ពុជា ដែលមានសមត្ថភាពអាចផលិតបាន៧៥០០តោន ក្នុងមួយឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

តំណាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស មានគម្រោងចាប់ដៃគូសហការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដែលមានសមត្ថភាពអាចផលិតបាន៧៥០០តោន ក្នុងមួយឆ្នាំ។នេះបើតាមការឱ្យដឹងពីកញ្ញា សឿន សុទ្ធនីតា លេខាសមាគមស្វាយចន្ទីកម្ពុជា ក្រោយជំនួបពិភាក្សារវាងក្រសួងពាណិជ្ជកម្មជាមួយនឹងប្រតិភូវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមកញ្ញា សឿន សុទ្ធនីតា បានឱ្យដឹងថា កិច្ចពិភាក្សានៅក្នុងជំនួបនោះ គឺដើម្បីសិក្សាស្វែងយល់ឱ្យបានច្បាស់ពីវិស័យស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទិន្នន័យផ្សេងៗនៅក្នុងការនាំចេញ ដូចជាការដាំដុះ ការលក់ដូរផ្សេងៗ នៅក្នុងប្រទេសកម្ពុជា និងស្វែងយល់ឱ្យច្បាស់អំពីប្រជាកសិកររបស់កម្ពុជា ក៏ដូចជាសិក្សាពីទីតាំងដែលដាំដុះដំណាំចន្ទី។ជាមួយគ្នានោះ តំណាងសមាគមធនធានកសិ-ឧស្សាកម្មកូរ៉េ នឹងមានគម្រោងចាប់ដៃគូសហការគ្នាជាមួយនឹងកម្ពុជា ដែលកម្ពុជាជាម្ចាស់ផ្ទះ ដើម្បីបង្កើតជារោងចក្រកែច្នៃស្វាយចន្ទីមួយដែលមានសមត្ថភាពអាចផលិតដល់ទៅ៧៥០០តោន ក្នុងមួយឆ្នាំ។

បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទី មានប្រសាសន៍ថា ចំពោះសមាគមស្វាយចន្ទីរីករាយចំពោះការមកធ្វើវិនិយោគនៅកម្ពុជាពីសំណាក់វិនិយោគិនកូរ៉េខាងត្បូង។ដោយបច្ចុប្បន្ន សមាគមស្វាយចន្ទីកម្ពុជា មានសមាជិកដែលជាសហគ្រាសរហូតទៅដល់៣១សហគ្រាស សម្រាប់កែច្នៃស្វាយចន្ទី ទាំងធុនតូច និងមធ្យម ហើយនៅក្នុងប្រទេសកម្ពុជា។បើសិនជាវិនិយោគិនកូរ៉េចង់មកវិនិយោគ ធ្វើការបង្កើតរោងចក្រកែច្នៃផ្ទាល់ នោះយើងមានធនធាន និងមានទីតាំងសម្រាប់ជូនដល់ពួកគាត់ក្នុងការវិនិយោគ តែបើចង់ធ្វើការវិនិយោគរួមជាមួយសហគ្រាសក្នុងស្រុកដែលមានស្រេច នោះសមាគមស្វាយចន្ទីក៏​មានគ្រប់គ្រាន់សម្រាប់ផ្តល់ជាឱកាសក្នុងការវិនិយោគរកស៊ីរួមគ្នាផងដែរ។

លោក បន្តថា កាលណាយើងមានរោងចក្រកាន់តែច្រើន នោះយើងមានសំបកកាន់តែច្រើនក្នុងការផ្តល់ជូនដល់វិនិយោគិនក្នុងការគាបប្រេង។ដូចនេះ យើងលក់បានទាំងសាច់ លក់បានទាំងសំបក ធ្វើឱ្យតម្លៃអាចមានការប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសជិតខាង។

បើតាមប្រធានសមាគមស្វាយចន្ទី ការសិក្សារបស់ភាគីកូរ៉េនេះ មានការសង្ឈឹម៥០% ហើយលោកគិតថា ការសិក្សាគម្រោងបង្កើតរោងចក្រនេះ នឹងអាចមាននៅពេលឆាប់ៗនេះ ផងដែរ៕