រាជរដ្ឋាភិបាលកម្ពុជាពង្រីកសេវាធ្វើលិខិតឆ្លងនៅក្រៅប្រទេស ដើម្បីកុំឲ្យពិបាកធ្វើដំណើរឡើងចុះ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,២៦៥នាក់មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី៩ ខែកញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថា រាជរដ្ឋាភិបាលនឹងធ្វើការសម្របសម្រួលលិខិតឆ្លងដែនដល់ បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស ឲ្យដល់ប្រទេសដែលពួកគាត់ធ្វើការនៅទីនោះតែម្តង ដើម្បីកុំឲ្យពួកគាត់លំបាកក្នុងការធ្វើដំណើរឡើងចុះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាជំហានដំបូង សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសសម្រេចអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែនជូនពលករខ្មែរនៅកូរ៉េខាងត្បូង ដោយផ្ទាល់តែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ស្ថានទូតខ្មែរនៅក្រៅប្រទេស ត្រូវធ្វើការបម្រើ និងគាំទ្រខ្មែរគ្រប់រូប»។ ជាមួយគ្នានោះ សម្តេចបានណែនាំក្រសួងការបរទេសបង្កើតកុងស៊ុលកម្ពុជា នៅភាគខាងត្បូងប្រទេសថៃ ដើម្បីផ្តល់សេវានានាជូនពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅទីនោះ។

ទន្ទឹងនឹងនោះដែរ សម្តេចធិបតីក៏បានណែនាំឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យរៀបចំប្រព័ន្ធអនឡាញ ដើម្បីស្នើសុំលិខិតថ្កោលទោស ដើម្បីកាត់បន្ថយពេលវេលា។

បន្ថែមទៀតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យឧបនាយករដ្ឋមន្ត្រី នេត សាវឿន ត្រូវដោះស្រាយរឿងកម្រៃក្រៅសេវាពាក់ព័ន្ធការធ្វើលិខិតស្នាម សម្រាប់ការឆ្លងដែនទៅប្រទេសជិតខាងផងដែរ៕