ការនាំជ្រូករស់ពីថៃទៅវៀតណាម កំពុងបង្កក្តីព្រួយបារម្ភដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក

សង្គម​ និង​សេដ្ឋកិច្ច

នៅប៉ុន្មានកន្លងមកនេះគេសង្កេតឃើញមានការនាំជ្រូករស់ពីថៃទៅវៀតណាម ដោយឆ្លងកាត់កម្ពុជា ហើយសកម្មភាពនេះបាននឹងកំពុងបង្កក្តីព្រួយបារម្ភជាខ្លំាងសម្រាប់អ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុក បើសិនជាខាងវៀតណាមបិទច្រកមិនឱ្យនាំចូល ជ្រូកទំាងនោះអាចនឹងមានការចែកចាយនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថាបញ្ហានេះក្រសួង អគ្គនាយកដ្ឋានបានជូនដំណឹងមកខាងសមាគមគឺបានអនុញ្ញាតឱ្យឆ្លងកាត់ពីថៃទៅវៀតណាម។តែបុគ្គលដែលនាំចូលជ្រូករស់មកកម្ពុជានេះយើងកំពុងតែធ្វើការតាមដាន។

លោកបញ្ជាក់ថា «បើតាមសមាគមដឹងនៅប្រទេសវៀតណាម នាយករដ្ឋមន្ត្រីគេប្រកាសបិទច្រកទំាងអស់មិនឱ្យនាំជ្រូកចូលទៅប្រទេសគេទេ ព្រោះវៀតណាមបានគិតគូរទៅដល់ប្រជាកសិករក៏ដូចជាប្រជាជនរបស់គេយ៉ាងពេញទំហឹង។ឥឡូវនេះខ្ញុំកំពុងបារម្ភថា បើសិនជាវៀតណាមបិទជ្រូកទំាងនោះវានឹងអាចលក់នៅកម្ពុជា ខណៈវិស័យចិញ្ចឹមសត្វរបស់កម្ពុជាកំពុងរងផលលំបាកលក់ជ្រូកខាតបង់ ដោយតម្លៃមិនទាន់បានដល់ថ្លៃដើមផលិតជ្រូក ហើយបើសិនជាថៃនាំជ្រូកមកចាក់នៅកម្ពុជាថែមទៀតនោះវានឹងធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់កម្ពុជាយើង ព្រោះវៀតណាមកាលណាប្រកាសបិទច្រកហើយគឺមានប្រសិទ្ធភាពណាស់»។

ទន្ទឹមនឹងការយល់ឃើញថាវៀតណាមបិទមិនឱ្យនាំជ្រូករស់ចូល លោកស្រ៊ុន ពៅ យល់ថាក្រសួងក៏ដូចជាអគ្គនាយកដ្ឋានមិនមែនមិនដឹងទេ គឺដឹង។ដូចនេះត្រូវតែមានវិធានការបិទមិនឱ្យនាំជ្រូកពីថៃចូលមកកម្ពុជា បើបណ្តោយឱ្យនាំចូលមកទៀត នោះវិស័យចិញ្ចឹមរបស់ប្រទេសកម្ពុជារលំរលាយហើយ ដោយសារតម្លៃជ្រូករស់របស់ថៃមានតម្លៃថោក។

លោកស្រ៊ុន ពៅ លើកឡើងថា តម្លៃជ្រូករស់នៅប្រទេសថៃថោក វាមិនមែនដោយសារថ្លៃដើមផលិតវាទាបនោះទេ គឺដោយសារតែជ្រូកកកស្ទះច្រើន និងមិនអាចនាំចេញទៅប្រទេសទី៣មិនរួច គេមិនទទួលទិញ ម្លោះហើយវាធ្វើឱ្យជ្រូករស់កកស្ទះច្រើននៅក្នុងប្រទេសថៃ។

លោកបន្តថា «បញ្ហាប្រឈមនាពេលសព្វថ្ងៃនៅពេលដែលមិនទាន់មានការនាំចូលជ្រូករស់ពីប្រទេសថៃចូលមកកម្ពុជាគឺប្រឈមជាមួយសាច់បង្កក បើសិនជាត្រូវប្រឈមជាមួយនិងការនាំចូលជ្រូករស់ពីថៃមកទៀតមិនដឹងថាត្រូវធ្វើយ៉ាងណា។តែទោះជាយ៉ាងណា ខ្ញុំនៅតែជឿជាក់លើក្រសួងនិងរាជរដ្ឋាភិបាលថាគិតគូរដើម្បីសេដ្ឋកិច្ចជាតិ ក៏ដូចជាគិតគូរទៅដល់វិស័យចិញ្ចឹមសត្វនៅក្នុងស្រុក»៕

អត្ថបទ៖សារេត