ផ្លូវការហើយ! ព្រះមហាក្សត្រ ចាត់តាំងឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីអាណត្តិទី៧

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៧៧២ ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧នៃរដ្ឋសភា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កូនប្រុសច្បងដ៏មានឥទ្ធិពលរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បច្ចុប្បន្នជានាយឧត្តមសេនីយ៍ ផ្កាយ ៤ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងនៃកងអង្គរក្សរបស់នាយករដ្ឋមន្រ្តី។

ឯកឧត្តម ហ៊ុន ម៉ាណែត ជាជនជាតិខ្មែរដំបូងគេដែលបានសិក្សានៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក និងបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ New York និងបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

ក្នុងជួរគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត ជាសមាជិកគណៈអចិន្ត្រៃយ៍ និងត្រូវបានតែងតាំងជាប្រធានចលនាយុវជនថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។

មិនត្រឹមតែជាបញ្ញវន្តបញ្ចប់ការសិក្សានៅសាលាល្បីកម្រិតអន្តរជាតិប៉ុណ្ណោះទេ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ជាបញ្ញវន្តដែលបានប្រឡូកជាមួយការងារជាក់ស្តែងយូរឆ្នាំ ទាំងក្របខណ្ឌបក្ស ក្របខណ្ឌយោធា និងក្របខណ្ឌមនុស្សធម៌។ ជាពិសេសឯកឧត្តម ហ៊ុន ម៉ាណែត ជាបញ្ញវន្តទទួលបានការបណ្តុះបណ្តាល និងទទួលបទពិសោធន៍ពីសាស្ត្រាចារ្យដ៏ខ្លាំងពូកែម្នាក់ទៀត គឺសម្តេចតេជោ ហ៊ុន សែន ដែលជាឪពុករបស់ខ្លួននោះ។

តាមរយៈបទពិសោធន៍ការងារ និងការដុសខាត់លុតដំដោយផ្ទាល់ពីឪពុករបស់ខ្លួនផងនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា គឺជាអ្នកបន្តវេនដ៏ស័ក្តិសម និងខ្លាំងពូកែមួយរូបនៅកម្ពុជា ដែលអាចធានារក្សាបាននូវសុខសន្តិភាព ស្ថេរភាព ហើយនាំមកនូវវឌ្ឍនភាព និងកិត្យានុភាពជាបន្តសម្រាប់កម្ពុជា៕