កាលពីថ្ងៃអាទិត្យ ទី ០៦ ខែសីហាកន្លងទៅ លោកគ្រូ ម៉ិច សីហា បានបើកវគ្គបណ្ដុះបណ្ដាលទ្រង់ទ្រាយធំ ក្រោមប្រធានបទ “សេដ្ឋកិច្ចឌីជីថល និងប្លង់អាជីវកម្ម” ដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។

អំឡុងពេលបង្រៀននោះ លោក ម៉ិច សីហា ក៏បានលើកឡើងថា យុវសិស្ស និងយុវវ័យជំនាន់នេះមានឱកាសច្រើនណាស់ ប៉ុន្តែច្រើនតែភ្លេចខ្លួន និងភ្លេចចាប់យកឱកាសទាំងនោះ។

លោកលើកឡើងបែបនេះ ដោយសារក្នុងសម័យសេដ្ឋកិច្ចឌីជីថលនេះ មនុស្សមានឱកាសច្រើន ជាពិសេសគឺយុវវ័យ និងយុវសិស្សតែម្ដង ព្រោះថាព័ត៌មានគ្រប់យ៉ាង គឺសុទ្ធតែអាចស្រាវជ្រាវ និងរកបាននៅលើប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែមួយភាគធំមិនចេះចាប់យកឱកាស រវល់តែភ្លើតភ្លើនជាមួយនឹងភាពសប្បាយ ហ៊ឺហារ ភ្លេចការរៀនសូត្រ។
បន្ថែមពីនោះ លោកអគ្គនាយកវិទ្យាស្ថានអន្តរជាតិ IKEYក៏បានសំណូមពរឲ្យយុវសិស្ស និងយុវវ័យ ដកឃ្លាខ្លះពីភាពសប្បាយហួសមាឌ ងាកមកចាប់យកឱកាសក្នុងសម័យសេដ្ឋកិច្ចឌីជីថលនេះវិញ ព្រោះកម្ពុជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះត្រូវការទំពាំងល្អៗច្រើនណាស់ ដើម្បីអាចជួយអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត៕