ឆ្នំា២០២៣នេះ សេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានត្រឹមកំណើន៥,៦%ទាបជាងការព្យាការណ៍

សង្គម​ និង​សេដ្ឋកិច្ច

ផ្អែកតាមការវាយតម្លៃពាក់កណ្តាលឆ្នាំ ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងមានកំណើន៥,៦% គឺទាបជាងការព្យាករនៅពេលរៀបចំច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដែលត្រូវបានរំពឹងទុកថាអាចសម្រេចបាននូវកំណើនក្នុងអត្រា ៦,៦% ។នេះបើយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពី«លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នំា២០២៣» ដែលមានកម្រាស៤៤ទំព័រ បានធ្វើការសន្និដ្ឋានថា សេដ្ឋកិច្ចកម្ពុជាឆ្នំា២០២៣ថា នឹងមានកំណើន៥,៦%ទាបជាងការព្យាការណ៍គឺ ដោយសារការបន្តអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កាន់តែមានភាពអាប់អួរ ដែលបង្កឱ្យមានផលប៉ះពាល់មកលើអនុវិស័យបម្រើការនាំចេញ ជាពិសេសអនុវិស័យកាត់ដេរ បូកផ្សំនឹងការបន្តប្រឈមនឹងបញ្ហាក្នុងស្រុកមួយចំនួន។

របាយការណ៍ដដែលបន្តថា ហានិភ័យពីកត្តាខាងក្រៅប្រទេស និងក្នុងប្រទេស តម្រូវឱ្យរាជរដ្ឋាភិបាលត្រូវត្រៀមលក្ខណៈរួចជាស្រេចក្នុងការបញ្ចៀស និងបន្ធូរបន្ថយសម្ពាធហានិភ័យ និងបញ្ហាប្រឈមនានា ដែលនឹងអាចកើតឡើងជាយថាហេតុ តាមរយៈការដាក់ចេញ និងអនុវត្តវិធានការគោលនយោបាយដែល ឆ្លើយតបទាំងក្នុងផ្នែកម៉ាក្រូ-សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។ ក្នុងន័យនេះ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងបន្តតាមដាន និងវាយតម្លជាប់ជាប្រចាំ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមលក្ខណៈក្នុងការដាក់ចេញវិធានការអន្តរាគមន៍ឆ្លើយតបឱ្យបានទាន់ពេលវេលាលើបញ្ហានានាដែលអាចកើតមានជាយថាហេតុ។

របាយការណ៍គូសបញ្ជាក់ថា «ទោះបីការអនុវត្តថវិកាក្នុងឆមាសទី១កន្លងទៅនេះ នៅជួបប្រទះបញ្ហាប្រឈមមួយចំនួនក្តី ក៏ប៉ុន្តដោយមានការគាំទ្រ និងការលើកទឹកចិត្តយ៉ាងពេញទំហឹង និងជាប្រចាំពី សម្ដេចតេជោនាយករដ្ឋមន្តី្រដែលជាមេញ្ជាការតែមួយ និងស្មារតីនៃការបន្តចូលរួមយ៉ាងសកម្មពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្តេជ្ញាចិត្ត ដោយមិនរាថយក្នុងការពុះពារសម្រេចឱ្យបាននូវគោលដៅ និងវិធានការទាំងឡាយដែលបានលើកឡើងខាងលើ។ ដូចនេះ ថវិកាឆ្នាំ ២០២៣ នៅតែអាចចាត់ទុកថាជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ក្នុងការរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពប្រជាជន ទប់ទល់នឹងសម្ពាធអតិផរណា ព្រមទាំងបម្រើដល់ការស្ដារសេដ្ឋកិច្ច និងជំរុញកំណើនជាបណ្តើរៗឡើងវិញ»។

ថវិកាឆ្នាំ ២០២៣ ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តយកចិត្តទុកដាក់លើ
ប្រសិទ្ធភាពប្រតិបត្តិការចំណាយ ដើម្បីធានាថា រាល់ចំណាយត្រូវធ្វើឡើងក្នុងថ្លៃសមរម្យ, មានគុណភាព,
សមស្របតាមលទ្ធភាព, ក្នុងបរិមាណដែលត្រូវការជាក់ស្ដែង សម្រាប់ប្រើប្រាស់ក្នុងពេលដែលត្រូវការចាំបាច់ព្រមទាំងការបន្តខិតខំបង្កើនប្រសិទ្ធភាព និងកម្រិតនៃការកៀរគរចំណូលគ្រប់ប្រភេទ តាមរយៈការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់និងមុតស្រួច ទាំងវិធានការរដ្ឋបាល និងវិធានការគោលនយោបាយ ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ ២០១៩-២០២៣ ដែលអាចឆ្លើយតបទៅនឹងតម្រូវការចំណាយ៕

អត្ថបទ៖សារេត