ប្រធានសមាគមវារីវប្បករកម្ពុជា តំណាងឱ្យក្រុមអ្នកចិញ្ចឹមត្រីទឹកសាបនៅក្នុងស្រុក បានសម្តែងការសិប្បាយរីករាយ ពេលទទួលបានដំណឹងល្អថារដ្ឋាភិបាលចិនអនុញ្ញាតឱ្យមានការនាំចូលផលិតផលជលផល៤ប្រភេទ របស់ប្រទេសកម្ពុជា ចូលទៅក្នុងទីផ្សារចិន នាពេលខាងមុខ។
លោក សុខ រ៉ាដែន មានប្រសាសន៍ថា ប្រទេសចិន នៅពេលគាត់ទទួលញំាផលិតផលអ្វីហើយ មានតែខ្វះរបស់ផ្គត់ផ្គង់ឱ្យគាត់ ព្រោះចិនមានប្រជាពលរដ្ឋច្រើនរាប់ពាន់លាននាក់រស់នៅក្នុងប្រទេស។ដូច្នេះបងប្អូនយើងអាចចិញ្ចឹមអ្វីដែលទីផ្សារចិនមានតម្រូវការ។
លោក សង្កត់ធ្ងន់ថា «រដ្ឋាភិបាលចិនអនុញ្ញាតឱ្យមានការនាំចូល បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យងនេះគឺជាតម្រុយដ៏ល្អ ហើយក៏ជាសញ្ញាល្អដើម្បីផ្តល់ឱកាសឱ្យក្រុមវារីវប្បករក្នុងស្រុកយកចិតទុកដាក់ ផ្តោតទៅលើការចិញ្ចឹមទៅតាមអ្វីដែលប្រជាពលរដ្ឋចិនចង់បាន ហើយចិញ្ចឹមឱ្យមានគុណភាពខ្ពស់ ដើម្បីអាចលក់បានតម្លៃខ្ពស់»។
បើតាមប្រធានសមាគមខាងលើ ផលិតផលជលទំាង៤ប្រភេទនេះ បើភាគីចិនប្រាកដ ហើយតម្រូវឱ្យក្រុមវារីវប្បករកម្ពុជាផលិតយ៉ាងម៉េចគឺខាងអ្នកចិញ្ចឹមអាចធ្វើបាន សំខាន់ឱ្យរាជរដ្ឋាភិបាលខ្មែរមានយន្តការច្បាស់លាស់ ដើម្បីឱ្យអ្នកចិញ្ចឹមមានភាពកក់ក្តៅក្នុងចិត្ត នៅពេលចិញ្ចឹមបានមានការធានាទិញ។
លោកបន្តថា «ប្រជាពលរដ្ឋក្នុងស្រុកដែលជាក្រុមវារីវប្បករ អាចចិញ្ចឹមត្រីដំរី អន្ទង់ និងខ្យង បានវាមិនមានការលំបាក។តែសំខាន់យើងត្រូវការពូជ ដែលភាគីពាក់ព័ន្ធធ្វើការលើវិស័យនេះ ពិសេសក្រសួងកសិកម្ម និងរដ្ឋបាលជលផល ដែលជាអ្នកជំនាញត្រូវស្វែងរកពូជ ចិញ្ចឹមទៅវាត្រូវទីផ្សារចិនចង់បាន។ដើម្បីជំរុញឱ្យវាដើរនិងមាននិរន្តរភាពយូរអង្វែងគឺរដ្ឋាភិបាលចិន ធ្វើការជាមួយរាជរដ្ឋាភិបាលខ្មែរ ហើយក្រោយមកទៀតគាត់អាចដាក់ជាគោលការណ៍ឬជាយន្តការមួយដាក់ឱ្យយើងចិញ្ចឹម ពូជត្រូវមានអត្តសញ្ញាណច្បាស់លាស់»៕
អត្ថបទ៖សារេត