ស្របពេលតម្លៃស្រូវនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលចន្លោះពី១២០០រៀល ទៅ១៣០០រៀល ក្នុងមួយគីឡូក្រាម គេសង្កេតឃើញថាជាឱកាសល្អសម្រាប់កសិករដែលជាអ្នកធ្វើស្រែ ព្រោះងាយស្រួលនៅក្នុងការលក់ ប៉ុន្តែក៏ជាបញ្ហាដល់អ្នកដែលមិនធ្វើស្រែផងដែរ ព្រោះអង្ករមានការឡើងថ្លៃ។នេះបើតាមការលើកឡើងរបស់លោក វី ឡៃ ជាឈ្មួញកណ្តាលទិញស្រូវពីខាងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។
បើតាមលោក វី ឡៃ បានឱ្យដឹងថា តម្លៃស្រូវចាប់ផ្តើមឡើងខ្លាំងអំឡុងខែកក្កដា ដល់ខែសីហា ឆ្នាំ២០២៣នេះ ដោយឡើងចន្លោះពី១០ ទៅ២០រៀល ក្នុងមួយគីឡូក្រាម ក្នុងនោះប្រភេទស្រូវ IR មានតម្លៃ១២៤០រៀល ក្នុងមួយគីឡូក្រាម, ស្រូវ 5451(OM) មានតម្លៃ ១២២០រៀល ក្នុងមួយគីឡូក្រាម, ស្រូវសែនក្រអូប មានតម្លៃ១២៥០រៀល ក្នុងមួយគីឡូក្រាម, ស្រូវស្រង៉ែ ១២៣០រៀល ក្នុងមួយគីឡូក្រាម។
លោកបន្តថា ការដែលស្រូវមានតម្លៃកើនឡើងបែបនេះ បើសម្រាប់កសិករធ្វើស្រែគាត់ទទួលបានផលប្រយោជន៍ច្រើន គឺមានភាពងាយស្រួលក្នុងការលក់ ទទួលបានតម្លៃខ្ពស់ ធ្វើឱ្យមានការចំណេញច្រើន ហើយពួកគាត់សប្បាយចិត្ត។ប៉ុន្តែដោយឡែក វាធ្វើឱ្យប៉ះពាល់សម្រាប់អ្នកមានជីវភាពមិនសូវធូរធា ដែលមិនមែនកសិករធ្វើស្រែ ឬអ្នករោងចក្រ ដែលជាអ្នកទិញអង្ករហូប ដោយពួកគាត់មានការត្អូញត្អែ ព្រោះអង្ករឡើងថ្លៃ ចំណែករោងម៉ាស៊ីនក៏មានការពិបាកនឹងធ្វើនាំចេញទៅខាងក្រៅផងដែរ ព្រោះស្រូវមានតម្លៃថ្លៃជាងអង្ករ។
បើតាមឈ្មួញកណ្តាលនាំចេញស្រូវរូបនេះ បានបន្ថែមទៀតថា ការឡើងថ្លៃនេះ គឺឡើងតែប្រភេទស្រូវប្រាំងទេ ដោយឡែកសម្រាប់ប្រភេទស្រូវសែនក្រអូប ស្រូវស្រង៉ែ ម្លិះ រំដួលវិញ មិនមានការឡើងថ្លៃទេ ពោលតម្លៃ១២០០រៀល ក្នុងមួយគីឡូក្រាម ជារឿងដែលធ្លាប់មានហើយ ប៉ុន្តែប្រភេទស្រូវអង្ករស ស្រូវ OM 85 មិនដែលមានតម្លៃដូចឆ្នាំនេះឡើយពោលគឺឡើងស្មើគ្នាជាមួយនឹងប្រភេទស្រូវគ្រាប់វែង ដែលជាស្រូវនាំចេញទៅអឺរ៉ុបដែរ។លើសពីនោះ លោក ក៏បានប៉ាន់ប្រមាណថា តម្លៃស្រូវវាមិនអាចឡើងតទៅទៀតទេ ព្រោះវាឡើងមួយកម្រិតដែលផ្ទាល់ពិដានហើយ ដោយវៀតណាមក៏លែងចង់បានដែរ ព្រោះតម្លៃនេះវាមានតម្លៃថ្លៃហើយ។
លោក បានបន្តថា បើគិតចាប់ពីខែកក្កដា មកដល់ខែសីហាសប្តាហ៍ទី២នេះ លោកទទួលទិញស្រូវពីកសិករបានជាង១ពាន់តោនហើយ ដែល៨០%នាំចេញទៅវៀតណាម និង២០%ទៀតផ្គត់ផ្គង់រោងម៉ាស៊ីនក្នុងស្រុក។
ពាក់ព័ន្ធនឹងការកើនឡើងតម្លៃស្រូវនេះ បើតាមរយៈទំព័រហ្វេសប៊ុករបស់លោក យ៉ង សាំងកុមា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៨ ខែសីហា បានឱ្យដឹងថា តម្លៃស្រូវនៅតែបន្តកើនឡើងដែលជាឱកាសល្អសម្រាប់កសិករដែលជាអ្នកធ្វើស្រែ។ដោយយើងប្រើឱកាសនេះ ដើម្បីគាំទ្រដល់កសិករបង្កើនផលិតកម្មស្រូវ តែក៏ត្រូវផ្សារភ្ជាប់ទៅនឹងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារអង្ករផងដែរ។
គួរឱ្យដឹងផងដែរថា រយៈពេល៧ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងសម្រេចបាន ២ ៤៩៨ ៥៨៦ តោន គិតជាទឹកប្រាក់ ៦៦៣,៥១ លានដុល្លារ ដោយក្នុងនោះការនាំចេញប្រមាណ ៦០ ភាគរយ បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារ នាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕