លទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សតែ២ប៉ុណ្ណោះ ដែលឈ្នះអាសនៈនៅក្នុងរដ្ឋសភា ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន ១២០អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន៥អាសនៈ។
តាមការគ្រោងទុកបេក្ខជនជាប់ឆ្នោតទាំង១២៥រូប នឹងអញ្ជើញចូលរួមប្រជុំរដ្ឋសភាជាលើកដំបូង សម្រាប់នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ។
តាមទម្លាប់កិច្ចប្រជុំលើកដំបូងនោះចប់ ព្រះមហាក្សត្រព្រះអង្គនឹងយាងថតរូបជុំគ្នាជាមួយបេក្ខជនជាប់ឆ្នោតទាំងអស់នៅមុខរដ្ឋសភា។ បន្ទាប់មកព្រឹទ្ធបុរសម្នាក់ ដែលមានអាយុច្រើនជាងគេ ដែលនៅក្នុងបញ្ជីរបស់ គ.ជ.ប នឹងទទួលធ្វើព្រឹទ្ធបុរស ឡើងទៅលើវេទិកាដឹកនាំកិច្ចប្រជុំលើកទី១បន្ត ហើយបេក្ខជនជាប់ឆ្នោតទាំងអស់ ក្នុងនោះមានទាំងនាយករដ្ឋមន្ត្រីផង នឹងទៅស្បថនៅព្រះបរមរាជវាំងចូលកាន់តំណែង។
នៅថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី២២ ខែសីហា រដ្ឋសភា អាចនឹងបន្តប្រជុំដោយបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា គណៈកម្មការរដ្ឋសភា និងបន្តអនុម័តផ្តល់សេចក្តីទុកចិត្តលើក្បាលម៉ាស៊ីន រាជរដ្ឋាភិបាល ដែលរៀបចំដោយនាយករដ្ឋមន្ត្រី ដែលចាត់តាំងដោយព្រះមហាក្សត្រ នោះគឺឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជា។
ថ្លែងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី៣សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា៖ «ការប្រគល់តួនាទីឱ្យក្រុមយុវជននៅពេលនេះ ជាពេលវេលាដ៏ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍន៍»។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មីមានសេនារីយោចំនួនពីរ។ ទី១ គឺឱ្យអ្នកចាស់ដឹកនាំមួយឆ្នាំ ទៅពីរឆ្នាំសិន និងសេនារីយោទី២ គឺឱ្យអ្នកថ្មីដឹកនាំចាប់ពីដើមអាណត្តិតែម្តង។ ចុងក្រោយ គឺសម្រេចយកសេនារីយោទី២។ បើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលអាណត្តិថ្មី មានថ្នាក់បណ្ឌិតជាងពាក់កណ្តាលឯណោះ៕