កម្ពុជា ត្រូវការថវិកា៧,៨ ពាន់លានដុល្លារ សម្រាប់អនុវត្តក្របខ័ណ្ឌស្តីពីការប្រែប្រួលអាកាសធាតុ

សង្គម​ និង​សេដ្ឋកិច្ច

តាមរយៈកិច្ចប្រជុំការងារទ្វេភាគីជាមួយមូលនិធិអាកាសធាតុបៃតង (GCF) កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាត្រូវការថវិកាប្រមាណ៧,៨ ពាន់លានដុល្លារអាមេរិកសម្រាប់អនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ទិន ពន្លក បានលើកឡើងថា កម្ពុជា បានផ្តល់អាទិភាពខ្ពស់លើការងារប្រែប្រួលអាកាសធាតុដោយបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្របញ្ចកោណថ្មីគ្របដណ្តប់លើទាំងសកម្មភាពបន្ស៊ាំនិងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។  ដើម្បីសម្រេចកិច្ចការងារនេះ លោកថា កម្ពុជាត្រូវការថវិកាប្រមាណ៧,៨ ពាន់លានដុល្លារអាមេរិកសម្រាប់អនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC) និង ត្រូវការថវិកាចាប់ពី៥០០លាន រហូត ១,៨ពាន់លានដុល្លារសម្រាប់អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនផងដែរ។

ឆ្លៀតឱកាសនោះដែរ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានខាងលើ ក៏បានបានស្នើឱ្យមូលនិធិអាកាសធាតុបៃតង (GCF) ផ្តល់អាទិភាពដើម្បីឈានទៅសម្រេចការងារយុទ្ធសាស្រ្តអព្យាក្រឹតកាបូន​ តាមរយៈគម្រោងមួយចំនួនរួមមាន៖ គម្រោងការបង្កើតមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា, គម្រោងការផ្តល់អាទិភាពធនាគារឯកជនទទួលបានការទទួលស្គាលពី GCF, គម្រោងប្រពន័្ធស្រោចស្រពបន្ស៊ាំនឹងអាកាសធាតុនិងកសិកម្មមានភាពធន់ប្រកបដោយនិរន្តរភាព, គម្រោងការសម្រួលដល់អង្គភាពដែលស្នើសុំការទទួលស្គាល់ឡើងវិញពី GCF ហេដ្ឋារចនាម្ព័ន្ធ (ផ្លូវលំជនបទ) ធន់នឹងអាកាសធាតុ និងគម្រោងមួយចំនួនទៀត។

តាមរយៈកិច្ចប្រជុំនេះដែរ ក្រសួងបរិស្ថាន មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ក៏បានបើកិច្ចពិភាក្សារួមគ្នា ដើម្បីពិភាក្សាពីលទ្ធភាពកិច្ចសហការលើការងារប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតផងដែរ៕

អត្ថបទ៖​ពិសី