ដើម្បីរកចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារលោក ហ៊ុន សីហា បានងាកមកចិញ្ចឹមកន្ធាយ ក្រោយពីបរាជ័យក្នុងការចិញ្ចឹមកង្កែបនិងបង្កងអូស្រ្ដាលី រយៈពេល៤ឆ្នាំមកហើយស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លោកបានទៅរៀនបចេ្ចកទេសចិញ្ចឹមពីរាមច្បងមុនៗ។
កសិករ វ័យ៣២ឆ្នាំលោក ហ៊ុន សីហា បានឲ្យដឹងថា មុននឹងលោកចាប់ផ្ដើមរបរចិញ្ចឹមកន្ធាយនេះ លោកធ្លាប់បានចិញ្ចឹមកង្កែបនិងបង្កងអូស្រ្តាលីម្តងហើយ ប៉ុន្តែមិនទទួលបានជោគជ័យឡើយ។ បន្ទាប់ពីការចិញ្ចឹមបានមួយរយៈ លោកឃើញថាមិនសូវទទួលបានផលចំណេញ ក៏សម្រេចចិត្តឈប់ចិញ្ចឹមតែម្ដង។
ក្រោយពីបរាជ័យក្នុងការចិញ្ចឹមបង្កង និងកង្កែប លោក ហ៊ុន សីហា បានទិញពូជកន្ធាយមកចិញ្ចឹម ដោយលោកចិញ្ចឹមយកកូនសម្រាប់លក់ផងក្នុងនោះសម្រាប់កូនគន្ធាយ១ លោកលក់តម្លៃចាប់ពី ២០០០រៀលទៅ៥០០០រៀល។ លោកបាននិយាយថា នៅពេលដែលអ្នកទិញ ពួកគាត់បានចិញ្ចឹមបានធំ លោកទិញត្រឡប់មកវិញ ហើយយកទៅលក់នៅតាមហាងមួយចំនួនក្នុងស្រុក បានមួយគីឡូ ៤០០០០រៀល។
លោក សីហា បានបង្ហើបពីរបៀបបច្ចេកទេសក្នុងការចិញ្ចឹមកន្ធាយរបស់លោកយ៉ាងដូច្នេះថា លោកបានប្រើប្រាស់ចំណីចំនួន ២ប្រភេទ ទី១ យកត្រីស្រស់ៗ ខ្យងនិងក្ដាម វៃលាយជាមួយកន្ទុក ត្រកួន កញ្ឆែត និងទី២ ប្រភេទចំណីដែលផលិតចេញពីរោងចក្រ។
បើទោះបីជាធ្លាប់រៀនសូត្រទទួលបទពីសោធន៍ពីរាមច្បងក្នុងវិស័យនេះក៏ដោយចុះ លោក ហ៊ុន សីហា ក៏បានបង្ហាញពីបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា ចំណីមានតម្លៃថ្លៃ ព្រោះចំណីនេះគេធ្វើសម្រាប់តែសត្វកន្ធាយមួយមុខ មិនដូចចំណីកង្កែបឬសត្វផ្សេងៗនោះទេ ដូច្នេះវាពិតជាពិបាកណាស់ក្នុងការរកទិញចំណីមកផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់។ បន្ថែមទៀតនោះ លោកថានៅពេលភ្លៀងម្ដងៗ កន្ធាយរបស់លោកឡើងរួចអស់ច្រើនក៏មាន ព្រោះថាលោកមិនបានដឹងពីបច្ចេកទេសមួយចំនួន តែក្រោយមកទើបដឹងក្នុងការគ្រប់គ្រងកន្ធាយមិនឲ្យឡើងរត់រួច។
បើតាមលោក ហ៊ុន សីហា មុខរបរចិញ្ចឹមកន្ធាយនេះ ធ្វើឱ្យលោករកចំណូលបានច្រើនគួរសម ក្រោយពីទូទាត់ផាត់ថ្លៃចំណាយផ្សេងៗ លោកអាចទទួលប្រាក់ចំណេញ ៦០០០០រៀលទៅ១០០០០០រៀលក្នុងមួយថ្ងៃ ដែលចំណូលនេះលោកថា អាចធ្វើឱ្យជីវភាពគ្រួសាររបស់លោកគ្រប់គ្រាន់ជាងមុខ។
កសិករចិញ្ចឹមកន្ធាយក្នុងស្រុកជើងព្រៃរូបនេះ បានឲ្យដឹងបន្ថែមទៀតថា សព្វថ្ងៃនេះទីផ្សារសម្រាប់លក់កន្ធាយគឺធំទូលាយណាស់ ដោយមានតម្រូវការច្រើនពីអតិថិជន ដូច្នេះពេលខ្លះកសិដ្ឋានរបស់លោកមិនអាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់ឡើយ៕