សហជីពរំពឹងថារាជរដ្ឋាភិបាលថ្មី នឹងធ្វើឱ្យវិស័យកាត់ដេរទទួលបានការបញ្ជាទិញផលិតផលនៅតាមរោងចក្រច្រើនឡើងវិញ

សង្គម​ និង​សេដ្ឋកិច្ច

ស្របពេលដែលវិស័យកាត់ដេរត្រូវបានព្យាការណ៍ថានឹងអាចសម្រេចបាន៤% នៅក្នុងឆ្នំា២០២៣ សហជីពនៅក្នុងស្រុករំពឹងថានៅឆ្នាំខាងមុខនេះ នៅពេលរាជរដ្ឋាភិបាលថ្មីបានចាប់បដិសន្ធិឡើង នឹងមានយុទ្ធសាស្ត្រអូសទាញអ្នកបញ្ជាទិញឱ្យទិញផលិតផលនៅតាមរោងចក្រច្រើនឡើងវិញនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នំា២០២៣ បានបង្ហាញថា«វិស័យកាត់ដេរត្រូវបានព្យាករណ៍ថានឹងមានកំណើនថមថយមកត្រឹមប្រមាណ៤% ក្នុងឆ្នំា២០២៣ ហើយកំណើនថមថយនេះបណ្តាលមកពីការថមថយតម្រូវការសកល ជាពិសេសបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មកម្ពុជា ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយសារការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដែលការណ៍នេះនឹងធ្វើឱ្យប៉ះពាល់ដល់សកម្មចាយវាយ ហើយជាលទ្ធផលនឹងជះឥទ្ធិពលអវិជ្ជមានដល់ការបញ្ជាទិញ»។

ទាក់ទងនិងវិស័យកាត់ដេរនេះ លោក អន សាខន អនុប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ បានឱ្យដឹងថា វិស័យកាត់ដេរនៅក្នុងឆ្នំា២០២៣នេះ កម្មករមានការងារធ្វើជាប់ជាប្រចំាដែរ ហើយកម្មករបានព្យួរការងារមានចំនួនតិចតួច ប៉ុន្តែក៏មិនសូវមានការងារថែមម៉ោងច្រើន។ជារួមនៅក្នុងវិស័យកាត់ដេរនៅឆ្នំា២០២៣ មានការធ្លាក់ចុះនៅចំនួនការងារ។

លោក អន សាខន សង្កត់ធ្ងន់ថា «នៅឆ្នំាខាងមុខខ្ញុំមានក្តីសង្ឃឹមថាវិស័យកាត់ដេរ នៅពេលដែលរាជរដ្ឋាភិបាលថ្មីចាប់បដិសន្ធិឡើង លោកនឹងមានយុទ្ធសាស្ត្រដើម្បីទាក់ទាញអ្នកវិនិយោគឬក៏បង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដើម្បីអូសទាញអ្នកបញ្ជាទិញនៅតាមរោងចក្រច្រើនឡើងវិញ។ខ្ញុំសង្ឃឹមថាបងប្អូនកម្មករនឹងមានការងារធ្វើកើនឡើងវិញនាពេលខាងមុខនេះ»។

យោងតាមក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាការណ៍ថាសម្រាប់ឆ្នំា២០២៤ វិស័យកាត់ដេររំពឹងថានឹងងើបឡើងវិញក្នុងរង្វង់៩,២% ស្របតាមនិន្នាការសេដ្ឋកិច្ចសកល ខណៈអត្រាអតិផរណានឹងបន្តថមថយ។ ទោះជាយ៉ាងណា វិស័យកាត់ដេរបន្តប្រឈមនឹងបញ្ហាមួយចំនួន ដូចជាការកើនឡើងនូវការប្រកួតប្រជែងពីប្រទេសជិតខាង ភាពមានកម្រិតនៃពិពិធកម្មទីផ្សារនំាចេញ និងប្រភពនៃវត្ថុធាតុដើមកាត់ដេរ ព្រមទំាងភាពមានកម្រិតនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងចរន្តផលិតកម្ម។

ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ លើកកម្ពស់ភាពប្រកួតប្រជែង និងបង្កើនតម្លៃបន្ថែមនៃអនុវិស័យនេះសម្រាប់សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តនូវយុទ្ធសាស្ត្រវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧៕

អត្ថបទ៖សារេត