តម្លៃដំឡូងមីហាក់បីមានសន្ទុះជាងឆ្នាំទៅ ពោលមានភាពល្អប្រសើរច្រើន បើធៀបនឹងឆ្នាំ២០២២ ដែលធ្វើឱ្យកសិករផលិតមិនសូវបារម្ភរឿងទីផ្សារ។នេះបើតាមលោក ឈៀង សុខវណ្ណនី អនុប្រធានសមាគមកសិករដំឡូងមីខ្មែរ។
បើលោក ឈៀង សុខវណ្ណនី បានឱ្យដឹងថា តម្លៃដំឡូងមីបច្ចុប្បន្នមានភាពល្អប្រសើរជាងឆ្នាំទៅ ដែលឆ្នាំមុន អំឡុងខែកក្កដា ដំឡូងមីស្រស់មានតម្លៃ២១០ ទៅ២២០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែឆ្នាំនេះមានតម្លៃ៣១០ទៅ៣២០រៀល ក្នុងមួយគីឡូក្រាម។សម្រាប់ដំឡូងក្រៀម មានតម្លៃចន្លោះពី៧០០ទៅ៧៥០រៀល ក្នុងមួយគីឡូក្រាម។ចំណែកទីផ្សារនាំចេញក្រៅស្រុកទៅកាន់ប្រទេសវៀតណាម និងថៃក៏មានតម្រូវការផងដែរ។
លោកបន្តថា ភាពល្អប្រសើរទាំងនេះហើយ ដែលជម្រុញប្រជាកសិករដែលផលិតបានហើយ មិនបារម្ភពីរឿងទីផ្សារ ព្រោះវិស័យដំឡូងមីល្អប្រសើរខ្លាំង ដោយផ្អែកលើសេដ្ឋកិច្ចវិស័យកសិកម្មជាវិស័យអទិភាព។
លោកក៏បានបន្តទៀតថា ម្យ៉ាងទៀតក៏មកពីការដាំមានលក្ខណៈជាសមាគមសម្រាប់នាំចេញផងដែរ ដោយបច្ចុប្បន្នសមាគមកសិករដំឡូងមីកម្ពុជាមានសមាជិក កសិករដាំប្រមាណជាង២ពាន់នាក់។សមាគមបានជួយជម្រុញការផលិតរបស់ប្រជាពលរដ្ឋឱ្យមានបច្ចេកទេសក្នុងការដាំដុះពីប្រពៃណីមកដាំលក្ខណៈបច្ចេកទេសវិញ ដើម្បីឱ្យមានចំណូលខ្ពស់ ក្នុងការនាំចេញទៅក្រៅប្រទេស ឬក្នុងស្រុក និងតាមបណ្តារោងចក្រនានា។
សមាគមកសិករដំឡូងមីខ្មែរមាននាទីខ្ពស់ក្នុងការជួយជម្រុញក្នុងការផលិតផល និងការនាំចេញ ឱ្យមានអតិផរណាល្អផងដែរ។ម្យ៉ាងវិញទៀត ក៏ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសឱ្យសមស្រមទៅតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ហើយជម្រុញធ្វើឱ្យប្រសើរឡើងថែមទៀតគ្រប់សង្វាក់ផលិតកម្មដំឡូងមី ដើម្បីធានាថាឱ្យមុខរបរមួយនេះមានការអភិវឌ្ឍនិរន្តរភាព និងបង្កើតប្រាក់ចំណូលបន្ថែមដល់សមាជិកសមាជិកា និងកសិករដាំដំឡូងមី។ជាពិសេស ការជម្រុញដល់ការកែច្នៃដំឡូងមីជាសិប្បកម្មខ្នាតតូច មធ្យមរបស់ប្រជាកសិករ ឱ្យមានការរីកចម្រើនខ្ពស់ និងយល់ដឹងផ្នែកបច្ចេកទេសដាំដុះនិងការនាំចេញដំឡូងមីឱ្យសមស្របទៅតាមទីផ្សារបច្ចុប្បន្នផងដែរ។
គួរឱ្យដឹងថា កម្ពុជាមានផ្ទៃដីដំឡូងមីប្រមាណ៦សែនហិកតា រួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរីជាដើម។ក្នុងនោះ ប្រទេសដែលទិញដំឡូងពីកម្ពុជាច្រើនជាងគេគឺប្រទេសថៃ និងវៀតណាម។(នេះបើតាមការបញ្ជាក់បន្ថែមពីលោក ឈៀង សុខវណ្ណនី)
សូមជម្រាបផងដែរថា កម្ពុជាបាននាំចេញផលិតផលដំឡូងមីប្រមាណជិត ១,២ លានតោន ទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ ក្នុងរយៈពេល ៥ ខែ ចាប់ពីខែមករា ដល់ឧសភា ឆ្នាំ ២០២៣ ក្នុងនោះ ប្រទេសវៀតណាមជិត ៣៥ ម៉ឺនតោន និងប្រទេសថៃ ជិត ៨៣ ម៉ឺនតោន៕