តម្លៃប្រេងចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែសីហានេះ ប្រេងសាំងធម្មតា នឹងត្រូវលក់ក្នុងតម្លៃថេរដដែល និងប្រេងម៉ាស៊ូត នឹងឡើងថ្លៃចំនួន ២៥០រៀល បន្ថែមពីលើតម្លៃបច្ចុប្បន្ន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្ងៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី ១១ ដល់ ២០ ខែសីហា ឆ្នាំ ២០០៣ សម្រាប់សាំងធម្មតា នឹងត្រូវ លក់ ៤ ៥៥០ រៀលដដែល ក្នុង ១ លីត្រ ខណៈប្រេងម៉ាស៊ូតតម្លៃ ៤ ៧០០ រៀលក្នុង ១ លីត្រ។ តម្លៃនេះបើប្រៀបធៀបត្រឹមថ្ងៃទី១ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឃើញថា តម្លៃប្រេងសាំងនៅកម្ពុជា នៅតែមានតម្លៃថេរ ខណៈប្រងម៉ាស៊ូត បានកើនឡើង២៥០ រៀល ក្នុងមួយលីត្រ។
គួរបញ្ជាក់ថា ការកំណត់តម្លៃប្រេងនេះ គឺផ្អែកទៅលើទីផ្សារអន្តរជាតិ ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្ររួចទៅហើយ៕ អត្ថបទ៖ ពិសី