ក្រោយពីជួបការខាតបង់ប្រាក់អស់រយៈពេលជិត២ឆ្នំាចុងក្រោយលើមុខរបរចិញ្ចឹមជ្រូក ឬជ្រូកលក់បានថ្លៃទៅតាមការចង់បាននាពេលថ្ងៃ បាននិងកំពុងធ្វើអ្នកចិញ្ចឹមជ្រូកខ្នាតពាណិជ្ជកម្មធំមួយនៅខាងខេត្តកំពង់ចាមកំពុងបាក់ទឹកចិត្តនិងអស់សង្ឃឹមថានិងអាចលក់ជ្រូកបានថ្លៃនៅគ្រាខាងមុខ។
អ្នកស្រី ខូវ ម៉េងអ៊ាម អ្នកចិញ្ចឹមជ្រូកនៅខាងស្រុកព្រៃឈរ ខេត្តកំពង់ចាមបានសង្កេតមើលឃើញថាតម្លៃជ្រូករស់មានសញ្ញាធ្លាក់ចុះសន្សឹមៗមកវិញពីជាង៩ពាន់រៀលមកនៅជាង៨ពាន់រៀល ឬនៅក្រោម៨ពាន់រៀលក្នុងមួយគីឡូក្រាមដូចសព្វថ្ងៃនេះ វាបានធ្វើឱ្យប៉ះពាល់ទៅដល់ទឹកចិត្តយើងជាអ្នកចិញ្ចឹមជ្រូក ព្រោះអ្នកចិញ្ចឹមរងការខាតបង់ប្រាក់ច្រើននៅពេលលក់ជ្រូកចេញ។
បើតាមអ្នកស្រី ខូវ ម៉េងអ៊ាម តម្លៃជ្រូករស់នៅក្នុងតំបន់បានធ្លាក់ចុះពីជាង៩ពាន់រៀលមកនៅជាង៧ពាន់រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែចំណីជ្រូកលក់នៅលើទីផ្សារមិនចុះតាមហាងឆេងជ្រូកនោះទេ វាមានតម្លៃថ្លៃដដែល។
អ្នកស្រី បញ្ជាក់ថា «កាលដើមឆ្នំា២០២៣ ខ្ញុំបានលក់ជ្រូកជាង១ពាន់ក្បាល បានថ្លៃតែ៧៥០០រៀលក្នុងមួយគីឡូ ពោលក្នុងជ្រូកមួយក្បាលខាតអស់ប្រាក់ប្រមាណ៥០ដុល្លារអាមេរិក និងនៅពេលខាងមុខនេះត្រៀមលក់ជ្រូកចេញជាង១ពាន់ក្បាល ហើយប្រហែលត្រូវខាតបង់ដូចវគ្គមុនទៀតហើយ ព្រោះតម្លៃជ្រូកបានធ្លាក់ចុះ»។
ស្របពេលតម្លៃជ្រូករស់កំពុងមានការធ្លាក់ចុះ ហើយជ្រូកប្រឈមជាមួយនិងការកើតជំងឺ អ្នកស្រី ថា លក់ជ្រូកអស់វគ្គនេះគិតថាផ្អាកឈប់ចិញ្ចឹមជ្រូកសិនហើយ ព្រោះតម្លៃជ្រូកនៅលើទីផ្សារប្រែប្រួលខ្លំាងពេក។
អ្នកស្រី បន្តថា «ខ្ញុំធ្លាប់ចិញ្ចឹមជ្រូកអស់រយៈពេលជាង២០ឆ្នំា ហើយការចិញ្ចឹមកាលពីដំបូងៗ ខ្ញុំនៅអាចរកប្រាក់ចំណេញបានគ្រាន់បើ ទោះបីតម្លៃជ្រូកឡើងចុះៗក៏ដោយ ប៉ុន្តែចូលមកដល់រយៈពេល២ឆ្នំាចុងក្រោយនេះ តម្លៃជ្រូកនៅលើទីផ្សារធ្លាក់ថ្លៃជាប់គ្នារហូត ហើយជ្រូកតែងកើតនៅជំងឺប្លែកៗនិងពិបាកព្យាបាល ខុសពីឆ្នំាកន្លងមុនៗ»។
តាមអ្នកស្រី ខូវ ម៉េងអ៊ាម នៅពេលជ្រូកប្រឈមការកើតជំងឺ តម្លៃជ្រូកធ្លាក់ចុះ ធ្វើឱ្យមានខាតបង់ជាបន្តបន្ទាប់នេះ អ្នកស្រីបានបង្ហាញអារម្មណ៍ថាអស់ទឹកចិត្តក្នុងការចិញ្ចឹមជ្រូក ខណៈកសិដ្ឋានរបស់អ្នកស្រីក្នុងពេលសព្វថ្ងៃកំពុងចិញ្ចឹមនិងមើលថែជ្រូកជាង៣ពាន់ក្បាល ហើយត្រូវការចំណាយប្រាក់អស់ជិត១០ម៉ឺនដុល្លារអាមេរិកនៅក្នុងមួយខែ។
ទន្ទឹមនឹងអស់ទឹកចិត្តទៅលើមុខរបរចិញ្ចឹមជ្រូកឬជ្រូកកំពុងធ្លាក់ថ្លៃ អ្នកស្រី បានសំណូមពរទៅដល់រាជរដ្ឋាភិបាលថ្មីជួយដល់វិស័យកសិកម្ម ហើយជួយឱ្យអ្នកចិញ្ចឹមសត្វមានលទ្ធភាពរកបានប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ អ្នកស្រីថា «ខ្ញុំរំពឹងថារាជរដ្ឋាភិបាលថ្មីក្រោយនេះនឹងធ្វើការគិតគូរនិងរៀបចំវិស័យកសិកម្ម ពិសេសការចិញ្ចឹមសត្វនិងការដំាដុះដំណំា ដើម្បីជួយឱ្យកសិករមានសេដ្ឋកិច្ចល្អនៅតាមគ្រួសារ»៕
អត្ថប៖សារេត