ការដ្ឋានសាងសង់ គម្រោងអភិវឌ្ឍន៍ ទំនប់ដូនទ្រី ដោយការជីករូងក្រោមភ្នំ នៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង អាចផ្គត់ផ្គង់ទឹកសម្រាប់ការ ស្រោចស្រព លើផ្ទៃដីស្រែវស្សាបាន ចំនួនប្រមាណ ៣៣. ០០០ហិកតា និងផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤.៥០០ហិកតា។ បច្ចុប្បន្នការដ្ឋានមួយនេះកំពុងសម្រុកជីករូងក្រោមភ្នំ ដើម្បីសម្រេចតាមផែនការ។
គម្រោងដែលកំពុងអភិវឌ្ឍន៍សាងសង់នេះមិនត្រឹមតែ ផ្តល់ទឹកសម្រាប់ បង្កើនផលិតផលកសិកម្មទាំងនៅរដូវវស្សានិងនៅរដូវប្រាំងប៉ុណ្ណោះនោះទេ។ ថែមទាំងរួមចំណែក ក្នុងការផ្គត់ផ្គង់ទឹកស្អាតនិងកាត់បន្ថយទឹកជំនន់ តាមតំបន់មួយចំនួននៅផ្នែកខាងក្រោមផងដែរ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី មានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ហើយក៏ជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ផងដែរ។ គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ ។
គិតមកដល់បច្ចុប្បន្ននេះ ការងារសម្រេចបានប្រមាណ ២៦% លើទំហំការងារសរុបរបស់គម្រោង។ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ៣៣ ០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបានចំនួន ៤ ៥០០ ហិកតា ។
បណ្តាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលបាននឹងកំពុងអនុវត្ត រួមមាន ៖
១- ទំនប់មេ ជាប្រភេទទំនប់ស្នូលដី ថ្មបំពេញ Earth Core Rockfill Dam (ECRD) ខ្នងលើទទឹង ០៨ ម៉ែត្រ កម្ពស់ខ្ពស់បំផុតប្រមាណ ៤៧ ម៉ែត្រ និងមានប្រវែងសរុប ៦៥៤ ម៉ែត្រ ។
២- សំណង់បង្ហៀរ (Spillways) ធ្វើពីបេតុង ស្ថិតនៅខាងឆ្វេងទំនប់មេ មានប្រវែងសរុប ៤១៤ ម៉ែត្រ ។ ទំនប់បង្ហៀរនេះអាចដោះទឹកបាន ៨៥០ ម៉ែត្រគីប/វិនាទី ។
៣- រូងទូនេលពង្វៀងទឹក (Diversion Tunnel) រូង មានរាងជាក្រចកជើងសេះ, អង្កត់ផ្ចិត ០៤ ម៉ែត្រ, មានប្រវែងសរុប ៤៦២ ម៉ែត្រ ។
៤- សំណង់គ្រប់គ្រងទឹក (Intake Facilities) ជាប្រភេទសំណង់ប៉ម មានទ្វារទឹកច្រើនថ្នាក់ (Multistage Intake Gate) ដែលមានទ្វារទឹកចំនួន ០៥ (២,២ ម៉ែត្រ x ២,២ ម៉ែត្រ, ៤ ទ្វារ និង ៤ ម៉ែត្រ x ៤ ម៉ែត្រ, ១ ទ្វារ) ។
៥- ទំនប់បណ្តោះអាសន្នខាងលើ (U/S Coffer Dam) មានកម្ពស់ ២០ ម៉ែត្រ, ខ្នងលើទទឹង ០៥ ម៉ែត្រ, ប្រវែង ៥៣៦ ម៉ែត្រ ។
៦- ទំនប់បណ្តោះអាសន្នខាងក្រោម (D/S Coffer Dam) មានកម្ពស់ ១០ ម៉ែត្រ, ខ្នងលើទទឹងទំនប់ ០៥ ម៉ែត្រ, ប្រវែង ១៥០ ម៉ែត្រ ។
៧- ផ្លូវក្រាលថ្មភ្នំ ប្រវែង ៥,២ គីឡូម៉ែត ទទឹង ០៧ ម៉ែត្រ ជាមួយសំណង់ដោះទឹកចំនួន ០៨ កន្លែង ។
ក្នុងឱកាសអញ្ជើញពិនិត្យគម្រោងនេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី គឺជាប្រព័ន្ធធារាសាស្រ្តថ្មីមួយជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ដែលសំណង់នេះ ជាប្រភេទទំនប់ធំ ដែលការសាងសង់តម្រូវឲ្យប្រើប្រាស់វិធីសាស្រ្តថ្មី មិនដែលអនុវត្តនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្មក្នុងលក្ខខណ្ឌភូគ្គពសាស្រ្តមិនអនុគ្រោះ និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។
គម្រោងនេះ មិនត្រឹមតែផ្តល់ទឹកសម្រាប់បង្កើនផលិតផលកសិកម្មទាំងនៅរដូវវស្សា និងនៅរដូវប្រាំង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកផងដែរក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ លើសពីនេះ ទំនប់ដូនទ្រី ក៏នឹងមានលទ្ធភាពផ្គត់ផ្គង់មួយផ្នែកនូវទឹកសម្រាប់ការស្រោចស្រពទៅឲ្យគម្រោងនៅផ្នែកខាងក្រោម ដូចជា អនុគម្រោងពោធិកាណាល់ និងអនុគម្រោងរាមគុណ តាមរយៈស្ទឹងដូនទ្រី៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម