កម្ពុជាបើកចំហរទ្វារជានិច្ច សម្រាប់ឥណ្ឌូនេស៊ី ក្នុងការវិនិយោគលើខ្សែច្រវាក់នៃវិស័យកសិកម្មរបស់កម្ពុជា និងជួយជ្រោមជ្រែងឱ្យដំណើរការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារឥណ្ឌូនេស៊ី។នេះបើតាមលើកឡើងរបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Pahala Nugraha Mansury អនុរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
លោក ឌិត ទីណា បានលើកឡើងថា កម្ពុជាបើកចំហរទ្វារជានិច្ច សម្រាប់ឥណ្ឌូនេស៊ី ក្នុងការវិនិយោគលើខ្សែច្រវាក់នៃវិស័យកសិកម្មរបស់កម្ពុជា និងជួយជ្រោមជ្រែងឱ្យដំណើរការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារឥណ្ឌូនេស៊ីអាចប្រព្រឹត្តទៅកាន់តែរលូន និងមានប្រសិទ្ធិភាពខ្ពស់។
ក្នុងឱកាសនោះ ភាគីឥណ្ឌូនេស៊ីមានការចាប់អារម្មណ៍ក្នុងការវិនិយោគក្នុងផ្នែកខ្លះនៃខ្សែច្រវាក់តម្លៃនៃវិស័យកសិកម្ម ដែលមានដូចជា រោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក ឬហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទីក។លើសពីនោះ ឥណ្ឌូនេស៊ីក៏ចាប់អារម្មណ៍ក្នុងការវិនិយោគផ្គត់ផ្គង់ជីអុយរ៉េ មកកម្ពុជាកម្ពុជាផងដែរ។
សូមរម្លឹកផងដែរថា នៅក្នុងជំនួបតាមរយៈប្រព័ន្ធទូរស័ព្ទ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្តាហ៍កន្លងទៅ សម្តេចតេជោ មានប្រសាសន៍ថាកម្ពុជា នឹងស្វាគមន៍ចំពោះប្រតិភូឥណ្ឌូនេស៊ីដែលនឹងមកកម្ពុជា ក្នុងការពិភាក្សាលើការនាំអង្ករចេញពីកម្ពុជា។ លើសពីនោះ សម្ដេចតេជោ មានប្រសាសន៍លើកឡើងអំពីលទ្ធភាពដែលអ្នកវិនិយោគឥណ្ឌូនេស៊ីអាច ដាក់ទុន ១០០%នៅកម្ពុជា លើការបង្កើតជារោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងបណ្ដាញទិញ ស្រូវពីប្រជាកសិករ ដើម្បីធានាស្ថិរភាពសម្រាប់ការនាំចេញនាពេលខាងមុខផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូនេស៊ី មានបំណងនាំចេញអង្ករពីប្រទេសកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួន ដោយវត្តមានអង្កររបស់កម្ពុជានៅលើទីផ្សារឥណ្ឌូនេស៊ី នឹងក្លាយជាសក្ខីភាពថ្មីមួយទៀត ក្នុងការបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យពាណិជ្ជកម្ម ខណៈកម្ពុជាមានអង្ករដែលមានគុណភាពល្អ និងជាពិសេសមានការទទួលស្គាល់ និងនាំចូលដោយប្រទេសជាសមាជិកអាស៊ានចំនួន៨ ក្នុងចំណោមសមាជិកទាំង១០ប្រទេស៕