ក្លិប Galaxy Navatra អេភូថងគុនខ្មែរ ធ្វើសន្និសីទសារព័ត៌មានរៀបចំការប្រកួតប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ Hunuman Kun Khmer នៅថ្ងៃសៅរ៍ ទី១៩ស្អែកនេះ នៅស្ថានីយ៍ Galaxy Navatra ព្រែកទទឹង ដែលជាការឧបត្ថម្ភផ្ដាច់មុខដោយ Hanuman Beer ។

សន្និសីទសារព័ត៌មាននេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្លិប Galaxy Navatra អេភូថងគុនខ្មែរ ឯកឧត្តម ជា លីសែ ស្តេចប្រដាល់ អេភូថង និងលោក អាចាន យុទ្ធភូមិ ដែលជាអ្នកដឹកនាំកីឡាករមកប្រទេសថៃ។
ក្នុងឱកាសនោះ ឯកឧត្តម ជា លីសែ បានលើកឡើងថា កម្មវិធីប្រកួតនៅថ្ងៃស្អែកឈុតធំនេះមានឈ្មោះថា Hunuman Kun Khmer ដែលជាលើកតំបូងរបស់ក្រុមហ៊ុនស្រាបៀរ ហនុមាន ដែលបានចាប់ដៃគូជាមួយក្លិប Galaxy Navatra អេភូថងគុនខ្មែរ ដើម្បីរៀបចំកម្មវិធីដ៏ធំមួយនេះ។

ឯកឧត្តមបន្តថា ក្លិប Galaxy Navatra អេភូថងគុនខ្មែរ របស់យើងទើបតែចុះហត្ថលេខាកុងត្រាជាមួយគ្នាប្រមាណជាង២ខែប៉ុណ្ណោះ ប៉ុន្តែសកម្មភាពរបស់យើងគឺប្រកួតរៀងរាល់ចុងសប្តាហ៍។ លោកបន្ថែមថា នៅពេលដែលយើងមានពាណិជ្ជកម្ម (Sponsor) យើងកាន់តែរៀបចំកម្មវិធីឲ្យបានល្អ និងកាន់តែធំថែមទៀត ទន្ទឹមនឹងនេះក៏យើងនៅតែស្វាគមន៍នូវដៃគូសហការផ្សេងៗទៀតដែលមានបំណងចង់រៀបចំកម្មវិធីប្រកួតប្រដាល់គុនខ្មែរ។
ជាមួយគ្នានេះ លោក អេ ភូថង ជាគ្រូបង្វឹកប្រចាំក្លិប Galaxy Navatra គុនខ្មែរ បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការរៀបចំកីឡាករល្អៗគុណភាពដើម្បីប្រកួតប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ ក្នុងមហាព្រឹត្តិការណ៍ប្រដាល់ Hunuman Kun Khmer នៅថ្ងៃបើកឆាកស្អែកនេះកក្រើកសង្វៀនតែម្តង។

ចំណែកលោក អាចាន យុទ្ធភូមិ ជាអ្នកដឹកនាំកីឡាករមកប្រទេសថៃមកប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសកម្ពុជា នៅថ្ងៃស្អែកនេះក៏បានសម្តែងនូវការសប្បាយចិត្តក្នុងការនាំកីឡាករមកប្រកួតជាមួយក្លិប Galaxy Navatra ។ នៅថ្ងៃនេះលោកបាននាំកីឡាករល្អៗសុទ្ធតែវ៉ៃបុកលើសង្វៀនដើម្បីសម្ពោធកម្មវិធីដ៏ធំមួយ គឺមហាព្រឹត្តិការណ៍ប្រកួតប្រដាល់មិត្តភាពអន្តរជាតិ Hunuman Kun Khmer។
ទន្ទឹមនឹងនេះ លោកជឿជាក់ថា កម្មវិធីប្រកួតនៅស្អែកនឹងច្បាស់ជាល្អមិនខានឡើយ ព្រោះគាត់ដឹកនាំកីឡាករមកសុទ្ធតែកីឡាករបុកវ៉ៃតែម្តង។

មហាព្រឹត្តិការណ៍ប្រកួតប្រដាល់ Hanuman Kun Khmer នឹងឡើងរេញវៃគ្នាសម្រាប់សប្តាហ៍នេះនៅថ្ងៃសៅរ៍ទី១៩ ខែសីហានេះ មានចំនួន ៨គូពិសេសៗដែលមានខ្មែរ ប្រទេសអ៉ឺរ៉ង់ និងប្រទេសថៃ។ ហើយការប្រកួតនេះក៏មាននាយ ស្មាច់ ប៉ះវ៉ៃជាមួយនាយ ធុង ផងដែរ ដែលជាឧបត្ថម្ភផ្ដាច់មុខដោយ Hanuman Beer ថ្ងៃសៅរ៍ ទី19 ខែសីហា ផ្ទាល់ចាប់ពីម៉ោង 7:00ល្ងាច ល្ងាចតទៅ ទីតាំងស្ថានីយ៍ GALAXY NAVATRA ព្រៃទទឹង៕




