ប៉ុន្មានម៉ោងក្រោយចាកចេញពីតំណែងនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានធ្វើសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបានបញ្ចប់ការបោះឆ្នោត អនុម័តរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ថ្ងៃនេះ ពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលកម្ពុជាបានធ្វើដើម្បីបន្តនិរន្តរភាព សន្តិភាព និងការអភិវឌ្ឍជាតិរបស់កម្ពុជា។
ក្នុងឪកាសនោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ចង់ឃើញ២ចំណុចសំខាន់ ពីការដឹកនាំរបស់អ្នកបន្តវេនជំនាន់ក្រោយ ទី១៖ បន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយបន្តទៀត និងទី២៖ គឺសម្រេចឱ្យបាននូវការចាកចេញពី ប្រទេសអភិវឌ្ឍតិចតួច ក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយនឹងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា៖ «គណៈរដ្ឋមន្ត្រីថ្មី នឹងមានភាពរហ័សរហួន ធ្វើសកម្មភាពទៅរកគោលដៅដែលយើងចង់ទៅ គឺនៅឆ្នាំ២០៣០ ធ្វើឱ្យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០»។
ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ គាំទ្រដល់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីរួមចំណែកឱ្យការងារជឿនលឿនទៅមុខផងដែរ៕