ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

សម្តេចក្រឡាហោម ស ខេង គឺជាឥស្សរជនមួយរូបដ៏ឆ្នើមក្នុងជួររាជរដ្ឋាភិបាលកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
គួរកត់សម្គាល់ថាសម្ដេចក្រឡាហោម ស ខេង បានកាន់មុខតំណែងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំនួសសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលចេញទៅកាន់មុខតំណែងជាប្រធានសភាប្រជាជននាអំឡុងឆ្នាំ១៩៩២។ នៅការបោះឆ្នោតនីតិកាលទី១ ឆ្នាំ១៩៩៣ សម្ដេចបានឈរឈ្មោះជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង រហូតដល់នីតិកាលទី៧នេះ។ សម្ដេចបានកាន់មុខតំណែងសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅនីតិកាលទី១ និងធ្វើជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាប់ពីនីតិកាលទី២ដល់នីតិកាលទី៦៕
