អាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាបរំពឹងថា នឹងកម្រើកឡើងវិញបន្ទាប់មានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តសៀមរាបរំពឹងថានឹងទទួលបានភ្ញៀវទេសចរបរទេសចំនួន៣លាននាក់និងភ្ញៀវទេរសចរក្នុងស្រុកចំនួន៤លាននាក់ក្រោយពីក្រសួងទេសចរណ៍ប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៣-២០២៦»។ ផ្អែកតាមផែនការយុទ្ធសាស្ត្រខាងលើ ត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍បានសម្តែងការគំាំទ្រនិងចាត់ទុកថាជាការលើកទឹកចិត្តជួយឱ្យអាជីវកម្មទេសចរណ៍ក្នុងខេត្តមួយនេះមានសកម្មភាពរស់ឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា មានប្រសាសន៍ថា យើងគំាំទ្រឱ្យមានការជំរុញទំាងអស់គ្នា ដោយសារតែខេត្តមួយនេះជាប៉ូលទេសចរណ៍មួយដ៏សំខាន់នៅក្នុងប្រទេស ហើយបានជួយទៅដល់អាជីវកម្មទេសចរណ៍នៅក្នុងខេត្តមួយនេះ ធ្លាប់បានផ្តល់ការផ្គត់ផ្គង់ភ្ញៀវទេសចរច្រើនកាលពីមុនបរិបទជំងឺកូវីដ១៩។

លោកស្រី ឆាយ ស៊ីវលីន សង្កត់ធ្ងន់ថា « បច្ចុប្បន្ននេះយើងអត់ទាន់ទទួលបានភ្ញៀវដែលអាចចែកចាយទៅដល់ការផ្គត់ផ្គង់សេវាទំាងអស់នោះបានគ្រប់គ្រាន់នៅឡើយទេ អីចឹងពួកគាត់នូវទទួលរងផលប៉ះពាល់។ដូចនេះដើម្បីជួយឱ្យវិស័យបដិសណ្ឋារកិច្ច អាជីវកម្មទេសចរណ៍ស្ថិតនៅក្នុងខេត្តនេះនៅមានសកម្មភាព ក៏ដូចលើកទឹកចិត្តទៅដល់អាជីវកម្មទេសចរណ៍ទំាងអស់ អីចឹងការជំរុញរបស់ក្រសួងទេសចរណ៍នេះគឺជាការលើកទឹកចិត្តដល់ពួកគាត់ឱ្យវិលត្រឡប់មកចាប់ផ្តើមអាជីវកម្មឡើងវិញ»។

បើតាមប្រធានសមាសគមទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍លើកគម្រោងនេះឡើងគឺល្អខ្លំាងដើម្បីជួយទៅដល់អាជីវកម្មទេសចរណ៍ក៏ដូចជាការលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មទេសចរណ៍នៅទូទំាងប្រទេសផងដែរ។

យោងតាមក្រសួងទេសចរណ៍កន្លងទៅថ្មីៗនេះបានប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦» ក្នុងគោលបំណងដាក់ចេញនូវសកម្មភាពផ្សព្វផ្សាយ និងផ្តោតសំខាន់លើការទាក់ទាញប្រភពទីផ្សារទេសចរណ៍គោលដៅ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ តាមរយៈការធ្វើអាទិភាវូបនីយកម្មជម្រើសសកម្មភាពផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ សម្រាប់ខេត្តសៀមរាប តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ស្របតាមការវិវត្តន៍នៃបរិបទទីផ្សារ និងបង្កើនកិត្តិនាមខេត្តសៀមរាបជា “តារារះនាទិសឧត្តរ”។

ក្រសួងសង្កត់ធ្ងន់ថា « ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណងខាងលើ ផែនការយុទ្ធសាស្រ្តនេះបានកំណត់នូវគោលដៅសំខាន់ៗ រួមមាន ទី១)-ទាក់ទាញប្រភពទីផ្សារទេសចរណ៍សំខាន់ៗសម្រាប់ខេត្តសៀមរាប និង ទី២)-ពង្រឹងការផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយឱ្យកាន់តែមានប្រសិទ្ធភាព ដោយដាក់ចេញនូវ ២១ សកម្មភាពអនុវត្តសម្រាប់ ឆ្នាំ២០២៣-២០២៦ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុងឱ្យមកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ ឱ្យបានកម្រិតស្មើ ឬប្រសើរជាងមុនពេលវិបត្តិជំងឺកូវីដ-១៩ (ឆ្នាំ២០១៩) ដោយសម្រេចឱ្យបាននូវចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣ លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៤ លាននាក់ នៅត្រឹមឆ្នាំ២០២៦»៕

អត្ថបទ៖សារេត