ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើងដូចសម័យអង្គរ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឧទ្ទេសនាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ សីហា ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមបានថ្លែងថា ពេលនេះ, ដំណើរការកសាងជាតិរបស់កម្ពុជា បានឈានដល់ដំណាក់កាលថ្មីមួយនៅក្នុងបរិការណ៍នៃពិភពលោក ដែលកាន់តែប្រែប្រួល លំបាក និងមិនប្រាកដប្រជា។ កម្ពុជាត្រូវប្រឈមនឹងបញ្ហាថ្មី ក្នុងអន្តរកាលឆ្ពោះទៅសម្រេចឋានៈជាប្រទេសមានចំណូលខ្ពស់ និងត្រូវសម្របជាប្រចាំតាមនិន្នាការប្រែប្រួលសកល ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមត្ថភាពស្ថាប័នគ្រប់កម្រិត ដោយផ្សារភ្ជាប់នឹងការធានាបាននូវគោលនយោបាយសមស្រប និងសមត្ថភាពអនុវត្តជាក់ស្ដែង, លទ្ធផលការងារ និងការទទួលខុសត្រូវ។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្តថា ឈរលើមូលដ្ឋាននេះ, ការគិតគូរអំពីរបៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ដំណាក់កាលបន្ទាប់ គឺជាការសម្លឹងឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយ ផ្អែកលើបទពិសោធន៍ និងសមិទ្ធផល ២៥ឆ្នាំកន្លងមក និងការវាយតម្លៃប្រមើលសម្រាប់ ២៥ឆ្នាំទៅមុខ, ហើយរៀបចំឡើងនូវយុទ្ធសាស្ត្រ សម្រាប់អនុវត្តជាដំណាក់កាលៗ។

បើតាមឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កន្លងមក, យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល អាចត្រូវបានចាត់ទុកជាដំណាក់កាលមួយនៃការកសាងជាតិ ដោយផ្តោតជាសំខាន់ លើការស្តារ និងការកសាងប្រទេស ដែលទើបងើបចេញពីសង្គ្រាម; ការរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម; ការធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងសកល; ការអភិវឌ្ឍ និងការរក្សា ស្ថិរភាពសេដ្ឋកិច្ច និងសង្គម; និងការប្រឹងប្រែងលើកកម្ពស់ជីវភាពប្រជាជន។ សម្រាប់រយៈពេល ២៥ឆ្នាំបន្ទាប់ ដែលជាវដ្តថ្មី, កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ, រស់រវើក, រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០៕

អត្ថបទ៖ អក្ខរា