ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រគល់ភារកិច្ចជូនឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនៃស្នងការដ្ឋាននគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
ការប្រគល់ភារកិច្ចឲ្យឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជាស្នងការនគរបាលរាជធានីភ្នំពេញ ពេលនេះបន្ទាប់ពីនាយឧត្តមសេនីយ៍ ស ថេត ត្រូវបានតែងតាំងជាអគ្គស្នងការនៃស្នងការដ្ឋាននគរបាលជាតិ ក្រោយលោក នេត សាវឿន ឡើងតំណែងជាឧបនាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧។
កាលពីថ្ងៃទី២៣ ខែសីហាម្សិលមិញ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវបានផ្ទេរចេញពីស្នងការនគរបាលខេត្តព្រះសីហនុ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
គួររម្លឹកថា លោក ជួន ណារិន្ទ ជាអតីតប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ ត្រូវបានតែងតាំងជាស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌកាលពីឆ្នាំ២០១៤ និងជាប្រធាន ក្លិប អគ្គស្នងការ រដ្ឋាន នគរបាលជាតិ។ នៅឆ្នាំ២០១៥ លោកត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តព្រះសីហនុ អស់រយៈពេល ៩ឆ្នាំទម្រាំទទួលការតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ៕