ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ តែងតាំងលោក ប៉េង ពោធិ៍សា ជាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
លោក ប៉េង ពោធិ៍សា ជាអភិបាលរងខេត្តស្វាយរៀង ដែលត្រូវបានតែងតាំងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ពោលគឺជិត១ឆ្នាំទម្រាំទទួលបានតំណែងជាអភិបាលខេត្តស្វាយរៀងនៅពេលនេះ។
លោក ប៉េង ពោធិ៍សា ជាអតីតប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ។
លោកជាកូនប្រុសសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្រ្តី នាយករដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ លោក ប៉េង ពោធិ៍សា ក៏ជាបងប្អូនបង្កើតជាមួយរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី គឺលោក ប៉េង ពោធិ៍នា កាន់តំណែងបន្តពីលោក ស៊ុន ចាន់ថុល ដែលតែងតាំងជាឧបនាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧នេះ៕