ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវប្រឈមនឹងបញ្ហាថ្មី ក្នុងអន្តរកាលឆ្ពោះទៅសម្រេចឋានៈជាប្រទេសមានចំណូលខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ ដើម្បីជំរុញកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។ ការលើកឡើងនេះ ត្រូវបានធ្វើឡើនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ពេលនេះ ដំណើរការកសាងជាតិរបស់កម្ពុជា បានឈានដល់ដំណាក់កាលថ្មីមួយ នៅក្នុងបរិការណ៍នៃពិភពលោក ដែលកាន់តែប្រែប្រួល លំបាក និងមិនប្រាកដប្រជា។

ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិតបន្តថា៖«កម្ពុជាត្រូវ ប្រឈមនឹងបញ្ហាថ្មី ក្នុងអន្តរកាលឆ្ពោះទៅសម្រេចឋានៈជាប្រទេសមានចំណូលខ្ពស់ និងត្រូវសម្របជាប្រចាំ តាមនិន្នាការប្រែប្រួលសកល ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមត្ថភាពស្ថាប័នគ្រប់កម្រិត ដោយផ្សារភ្ជាប់នឹងការធានា បាននូវគោលនយោបាយសមស្រប និងសមត្ថភាពអនុវត្តជាក់ស្ដែង, លទ្ធផលការងារ និង ការទទួលខុសត្រូវ»។

ឯកឧត្តម បណ្ឌិត បានលើកឡើងទៀតថា ឈរលើមូលដ្ឋាននេះ, ការគិតគូរអំពីរបៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ដំណាក់កាលបន្ទាប់ គឺជាការសម្លឹងឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ដោយ ផ្អែកលើបទពិសោធន៍ និងសមិទ្ធផល ២៥ ឆ្នាំកន្លងមក និងការវាយតម្លៃប្រមើលសម្រាប់ ២៥ ឆ្នាំទៅមុខ, ហើយរៀបចំឡើងនូវយុទ្ធសាស្ត្រ សម្រាប់អនុវត្ត ជាដំណាក់កាលៗ។

ជាងនេះទៀត ឯកឧត្តមបណ្ឌិតបន្តថា៖«សម្រាប់រយៈ ពេល២៥ ឆ្នាំបន្ទាប់ ដែលជាវដ្តថ្មី គឺកម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក, រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០»។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំខាងលើ នាយរដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអះអាងដែរថា ឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល ២៥ ឆ្នាំ កន្លងមក និងការពិនិត្យវាយតម្លៃនិន្នាការតំបន់ និងសកល ជាមួយនឹងការប្រមើលទៅមុខ ២៥ ឆ្នាំទៀត គឺសំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជន ឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ រាជរដ្ឋាភិបាលក៏បានដាក់ចេញ “យុទ្ធសាស្ត្របញ្ចកោណ” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាពជាដើម៕  អត្ដបទ ៖ ពិសី