ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលថ្មី បានប្រកាសដាក់ចេញនូវវិធានការថ្មី ក្នុងការប្តេជ្ញាជ្រើសរើសមន្ត្រីចូលបម្រើការងារ នៅតាមក្រសួង ស្ថាប័នរដ្ឋ ឱ្យមានតម្លាភាព និងយុត្តិធម៌ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ជាពិសេសគឺការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អ។

ថ្លែងក្នុងសុន្ទរកថា ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ម្សិលមិញនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកំណត់បញ្ហាប្រឈមជាអាទិភាពមួយចំនួន ដែលទាមទារការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយ ក្នុងនីតិកាលទី៧នេះ ក្នុងនោះរួមមាន៖ ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព, ប្រសិទ្ធភាព, និងសមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន តាមរយៈការដាក់ចេញឱ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្តែង រួមមាន៖
១. ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព។
២. ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
៣. ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយ សង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

គួរបញ្ជាក់ថា ការជ្រើសរើសមន្ត្រីប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព ជាវិធានការគន្លឹះមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់នៃការដោះស្រាយបញ្ហាប្រឈម និងការកែទម្រង់វិស័យសាធារណៈ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា និងដើម្បីឱ្យប្រទេសកម្ពុជាសម្រេចបាននូវ ចក្ខុវិស័យក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០៕