កសិករស្ថិតនៅសហសភាពសហគមន៍កសិកម្ម និងសហគមន៍កសិកម្ម ក្នុងខេត្តព្រះវិហារបានចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យា ស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គប្រមាណជិត៣ពាន់តោនដល់ក្រុមហ៊ុន AMRU Rice និងក្រុមហ៊ុន Golden Rice កាលពីថ្ងៃទី២៤ខែសីហាឆ្នំា២០២៣។
យោងតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា កម្មវិធីចុះកិច្ចសន្យានេះរួមមាន(១) ក្រុមហ៊ុន Golden Rice នឹងទទួលទិញស្រូវសរីរាង្គចំនួន១.២០០ តោន ពីសហគមន៍កសិកម្មចំនួន៧ ដែលមានអ្នកផលិត ១,០០០ គ្រួសារ និង (២)ក្រុមហ៊ុន AMRU Rice Cambodia នឹងទទួលទិញស្រូវសរីរាង្គប្រភេទស្រូវសចំនួនប្រមាណ ១.៥០០ តោន ពីសហគមន៍កសិកម្មចំនួន៥ ដែលមានអ្នកផលិត៥០០ គ្រួសារ ដែលជាកិច្ចសន្យាទិញបន្ថែមលើបរិមាណដែលក្រុមហ៊ុនបាន ចុះហត្ថលេខា កាលពីខែមិថុនាកន្លងមកថ្មីៗនេះ។
លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុន AMRU Rice Cambodiaមានប្រសាសន៍ថា «ការចុះហត្ថលេខាទទួលទិញស្រូវសរីរាង្គពីកសិករនៅខេត្តព្រះវិហារនៅថ្ងៃទី២៤ខែសីហានេះគឺជាការចុះហត្ថលេខាទទួលទិញស្រូវសិរីរាង្គពីកសិករលើកទី២ ខណៈលើកទី១ធ្វើឡើងនៅថ្ងៃទី២៣ខែមិថុនាកន្លងទៅនេះយើងបានចុះហត្ថលេខាទទួលទិញស្រូវសរីរាង្គចំនួន១,៦ម៉ឺនតោនពីកសិករ ចំនួន២១សហគមន៍ដែលមានសមាជិកប្រហែល៣ពាន់គ្រួសារនៅខេត្តព្រះវិហារ»។
អគ្គនាយករងក្រុមហ៊ុន AMRU Rice Cambodia លើកឡើងថាដោយមានការឧបត្ថមពីគម្រោងគាំទ្រពាណិជ្ជូបនីយកម្មស្រូវ-អង្ករកម្ពុជា តាំងឆ្នាំ២០១៣ ក្រុមហ៊ុនអេមរុរ៉ាយស៍បានចាប់ផ្តើមបង្កើតភាពជាដៃគូរជាមួយសហគមន៍កសកម្ម ចំនួន ៨ក្នុងខេត្តព្រះវិហារ។ ចុងឆ្នាំ ២០១៤ កិច្ចព្រមព្រៀងផលិតកម្ម កិច្ចសន្យាត្រូវបានចុះហត្ថលេខាជាមួយសហគមន៍ទាំង៨នោះនិងបានយល់ព្រមការ ផ្គត់ផ្គង់ស្រូវដល់ក្រុមហ៊ុន អេមរុរ៉ាយស៍ចំនួនជិត ១៥០០តោនជាមួយបរិមាណផ្គត់ផ្គង់បានតិចតួចដោយសារគុណភាពផលិតផលមិនទាន់ឆ្លើយតបនិងតម្រូវការក្រុមហ៊ុន យើងបានជំរុញនិងបណ្ដុះបណ្ដាលបន្ថែមនៅចំណេះដឹងនិងជំនាញពីការគ្រប់គ្រងក្រោយប្រមូលផលរហូតដល់អាចឆ្លើយតបទៅនឹងគុណភាពតម្រូវការរបស់ក្រុមហ៊ុ ឆ្នាំ២០១៨ ក្រុមហ៊ុនបុត្រសម្ព័ន្ធអេមរុរ៉ាយស៍គឺក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជាហៅថា ស៊ីអេស៊ីស៊ី បានចាប់ផ្កើមធ្វើការជាមួយសគមន៍កសិកម្មចំនួន៨ក្នុងការអនុវត្តន៍កិច្ចសន្យាផលិតនិងលក់ដំឡូងមីសរីរាង្គបន្ថែមទៀត។
ដើម្បីជំរុញឱ្យកិច្ចសន្យាទាំងនេះអាចដំណើរការទៅបានដោយរលូននិងមានប្រសិទ្ធភាពគឺបានការគាំទ្រយ៉ាងពេញទំហឹងពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហាររួមទាំងការគាំទ្រពីគម្រោង និងអង្គការនានាដូចជាគម្រោងគាំទ្រពាណិជ្ជូបនីយកម្មស្រូវអង្ករកម្ពុជា កម្មវិធី ASPIRE អង្គការ AVSF អង្គការ IVY អង្គការ DPA អង្គការ World Vision និងអង្គការ HEKS។
លោក កាន់ គន្ធី សង្កត់ធ្ងន់ថា«កិច្ចសន្យាទាំងពីរផលិតផលខាងលើគឺបានជួយជម្រុញអោយមានការប្រសើរឡើងនូវចំណូលនិងសេដ្ឋកិច្ចគ្រួសារទៅដល់កសិករដែលជាអ្នកដាំដុះនិងផលិតដោយផ្ទាល់សម្រាប់ស្រុកគោលដៅទាំង៧រួមមាន រវៀង ជ័យសែន ឆែប ត្បែងមានជ័យ គូលែន ជាំក្សាន្ត និងសង្គមថ្មី។ ក្រៅពីនេះកសិករដែលមិនមែនជាសមាជិកផលិតក៏ទទួលបានផលជះនៃការកើនឡើងតំលៃទីផ្សារសម្រាប់កសិកផលរបស់ពួកគាត់ផងដែរ»៕
អត្ថបទ៖សារេត