ប្រតិភូក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំ ដោយឧកញ៉ា តែ តាំងប៉ ដែលមានសមាជិកសមាជិកាចំនួន ៣០រូប ជួបសម្ដែងការគួរសមជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ដើម្បីលើកឡើងពីបញ្ហាប្រឈមរបស់ SME និងសំណូមពរមួយចំនួនដាក់ជូនដល់រាជរដ្ឋាភិបាល កាលពីពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

ក្នុងឱកាសនេះឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានប្រសាសន៍ថា FASMEC និងសមាគមមូលនិធិសម្ដេចតេជោ SME បានសហការគ្នាក្នុងការបំពេញការងារ និងសកម្មភាពជាច្រើន ជាមួយគណៈកម្មការរបស់ខ្លួនក្នុងការរៀបចំសិក្ខាសាលា ក៏ ដូចជាការបណ្តុះបណ្តាលទៅសមាជិក សមាជិកាចំនួន២៥រាជធានីខេត្ត និងដើម្បីប្រមូលនូវបញ្ហាប្រឈមជាច្រើនយកមកពិភាក្សាជាមួយនឹងវេទការបស់រាជរដ្ឋាភិបាល និងវិស័យឯកជននៅក្នុងខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះ។

បន្ថែមទៀតនោះ លោកឧកញ៉ា តែ តាំងប៉ បានជម្រាបជូនលោក ហែម វណ្ណឌី ពីគោលបំណងរបស់វិស័យ SME គឺចង់ឱ្យក្រសួងជួយដឹកនាំផ្តួចផ្តើម និងធ្វើពីពិព័រណ៍ ស្តីពីសហព័ន្ធសហគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាប្រចាំឆ្នាំ ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ ឬ សួនច្បារសម្ដេចតេជោ ដើម្បីតាំងបង្ហាញផលិតផលខ្មែរទៅដល់សាធារណៈជន។

ជាមួយគ្នានេះ លោកឧកញ៉ាក៏បានស្នើសុំដល់ក្រសួងសហការជាមួយ FASMEC និងសមាគមមូលនិធិសម្ដេចតេជោ SME ក្នុងការដឹកនាំ និងរៀបចំបង្កើត«កម្មវិធីប្រកួតពានរង្វាន់សហគ្រិនសហគ្រាសធុនតូចនិងមធ្យមកម្ពុជាទូទាំងប្រទេស»ប្រចាំឆ្នាំ ដើម្បីលើកទឹកចិត្ត ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លើសពីនេះទៅទៀត លោកឧកញ៉ាបានស្នើសុំរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ធ្វើជាប្រធានគណៈអធិបតី នៅក្នុងកិច្ចប្រជុំ និងសន្និសីទទាក់ទងនឹងការចុះ MOU ជាមួយ សមាគមទាំងអស់ទូទាំងប្រទេស ដោយ FASMEC និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងកៀងគរ សមាគមទូទាំងប្រទេសជាច្រើន ចុះ MOU ជាមួយគ្នា ដើម្បីគាំពារ និងគាំទ្រ SME ទាំងអស់ ក្នុងការជំរុញ និងបង្កើនការផលិតនូវកសិឧស្សាហកម្មឱ្យកាន់ច្រើន។

បន្ថែមទៅទៀតនោះ លោកឧកញ៉ា តែ តាំងប៉ ក៏បានស្នើសុំសូមឱ្យរដ្ឋាភិបាលជួយទិញផលិតផល ពីសមាជិករបស់ FASMEC និងសមាគមមូលនិធិសម្តេចតេជោ ដែលជាផលិតផលក្នុងស្រុក ប្រសិនបើរដ្ឋាភិបាលត្រូវការអំណោយ ជួយដល់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន និងគ្រោះមហន្តរាយ ផ្សេងៗ ជាជាងការទិញផលិតផល ពីក្រៅប្រទេស ដើម្បីលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ខណៈអ្នកផលិតក្នុងស្រុកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់។

ក្នុងជំនួបនោះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ បានលើកឡើងថា ពាក់ព័ន្ធនឹងវិស័យ SME រដ្ឋាភិបាលបានធ្វើការសិក្សាជាច្រើនមកហើយ ដើម្បីជួយគាំទ្រ ដល់ សហគ្រាសធុនតូច និងមធ្យម។
លោកថា ថ្វីត្បិតតែបច្ចុប្បន្ននេះ SME មានការប្រឈមប៉ុន្តែប្រសិនបើមានការរួមសហការគ្នាពីវិស័យឯកជន និងរដ្ឋ នោះនឹងអាចដោះស្រាយបញ្ហាបាន ខណៈនៅក្នុងអាណត្តិនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះSME។ ជាមួយគ្នានេះ លោកជំរុញឱ្យ សមាគម ឬSME ដែលបានបែកខ្ញែកគ្នា ចងក្រង និងចាប់ដៃគ្នាឡើងវិញ ដើម្បីធ្វើឱ្យSME មានភាពរឹងមាំ នឹងឈានទៅបង្កើនការផលិតទំនិញសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។

លោកបានបញ្ជាក់បន្ថែមថា ក្នុងដំណាក់កាលដំបូងនេះ លោកកំពុងរៀបចំពង្រឹងផ្ទៃក្នុងជាមួយមុនសិន។ តែយ៉ាងនេះក្តី ក្រសួងនឹងខិតខំកែលម្អការផ្តល់សេវាសាធារណៈ ជំរុញការធ្វើងារ និងការផ្តល់សេវាតាមរយៈអនឡាញ ដើម្បីផ្តល់ភាពងាយស្រួលដល់ម្ចាស់ SME៕


