នាយករដ្ឋមន្រ្តីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឱ្យដឹងថា គោលនយោបាយរបស់រដាជរដ្ឋាភិបាល ដែលបានដាក់ចេញនាអាណាត្តិថ្មីនេះ គឺជាគោលនយោបាយដែលមានភាពរឹងមាំ មានមូលដ្ឋានច្បាស់លាស់ និងមិនធ្វើតាមអារម្មណ៍នៅឡើយ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីគោលដៅទី១សំខាន់ គឺថែរក្សាឱ្យបានដាច់ខាតនូវសមិទ្ធផលដែលគណបក្សប្រជាជនខិតខំកសាងជាង៤០ ឆ្នាំកន្លងមកនេះ ជាពិសេស គឺសន្ដិភាព និងស្ថិរភាពរបស់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺមិនមែនជាគោលនយោបាយឆក់កណ្ដៀត ដូចគណបក្សនយោបាយមួយចំនួនដែលមានភាពមិនច្បាស់លាស់នោះទេ។ ប៉ុន្ដែគោលនយោបាយរបស់គណបក្សប្រជាជន គឺជាគោលនយោបាយច្បាស់លាស់ គ្រប់ជ្រុងជ្រោយ មាននិរន្តរភាព និងមានរយៈពេលយូរអង្វែងសម្រាប់អភិវឌ្ឍជាតិ មាតុភូមិ។
ដោយឯកឧត្តមបន្តថា៖« គោលនយោបាយរបស់គណបក្សប្រជាជន គឺជាគោលនយោបាយដើរ ដែលបានជំរុញនិរន្តរភាពសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ ពោលគឺជាគោលនយោបាយដែលមានគោលដៅវែងឆ្ងាយ មានមូលដ្ឋានច្បាស់លាស់ និងឆ្លងកាត់ការពិភាក្សា និងកំណែទម្រង់ល្អិតល្អន់ ហេតុនេះរាជរដ្ឋាភិបាល និងខិតខំពង្រីក និងអនុវត្តន៍គោលនយោបាយរបស់យើងឱ្យបានប្រសើរថែមទៀត»។
គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ដូច្នេះ នាឱកាសជួបសំណេះសំណាលជាមួយនឹងកម្មករប្រមាណ ១ម៉ឺន៨ពាន់នាក់ នៅក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣៕ អត្ថបទ៖ ពិសី