ឯកឧត្តម ហ៊ុន ម៉ាណែត ចុះជួបកម្មកររោងចក្រជាលើកដំបូង ក្រោយកាន់តំណែងជានាយរដ្ឋមន្រ្តីថ្មី

សង្គម​ និង​សេដ្ឋកិច្ច

នេះគឺជាលើកដំបូងហើយ ដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ក្រោយទទួលតំណែងជានាយរដ្ឋមន្រ្តីថ្មី បន្តពីសម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សកម្មភាពចុះជួបកម្មករតាមរោងចក្រជាលើកដំបូងនេះ បានធ្វើឡើងនៅរោងចក្រ ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

ថ្លែងទៅកាន់ កម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ជិត២ម៉ឺននាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឱ្យដឹងថា គោលបំណងចំនួន២ ដែលជួបជាមួយបងប្អូនកម្មករនិយោជិតនាថ្ងៃនេះ ក្នុងនោះទីមួយ គឺអរគុណចំពោះបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រនានា ដែលបានគាំទ្រ​គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងបានចូលរួមជាផ្នែក​មួយយ៉ាងសំខាន់​ក្នុងការ​បង្កើតការងារ និងបំពេញការងារក្នុងវិស័យកាត់ដេរនៅក្នុងប្រទេស​កម្ពុជាឱ្យមានការ​រីកចម្រើន។ ចំណែកទី២ រាជរដ្ឋាភិបាលអាណត្តិថ្មីប្ដេជ្ញាចិត្ត​ចំពោះបងប្អូនប្រជាពលរដ្ឋ អំពីកម្មវិធីគោល​នយោបាយនានា​ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចាត់ទុកថា វិស័យឧស្សាហកម្មដើរទៅមុខ ដោយមានតួរអង្គ ៣ សំខាន់ គឺកម្មករនិយោជិត ម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាល ខណៈឯកឧត្តមអះអាងថា បើគ្មានតួរអង្គទាំង៣នេះ គឺវិស័យរោងចក្រកាត់ដេរ និងវាយនភណ្ឌមិនអាចរីកចម្រើន​ទៅមុខបានទេ។

ហេតុនេះ តាមរយៈពិធីជួបសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីគោលដៅ​ទី១សំខាន់ គឺថែរក្សាឱ្យបានដាច់ខាតនូវសមិទ្ធផល​ដែលគណបក្សប្រជាជនខិតខំកសាងជាង៤០ ឆ្នាំកន្លងមកនេះ ជាពិសេស ​គឺសន្ដិភាព និងស្ថិរភាពរបស់កម្ពុជា៕ អត្ថបទ៖ ពិសី