UN សរសើរកម្ពុជា ដែលបានចូលជាប្រទេសនៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ»

សង្គម​ និង​សេដ្ឋកិច្ច

អង្គការសហប្រជាជាតិ (UN) បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាដែលបានចូលជាប្រទេសត្រួសត្រាសផ្លូវនៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សាការងាររវាង លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងលោក ឧកតាវីយ៉ាន់តូ ប៉ាសារីប៊ូ (Oktavianto PASARIBU) នាយករងនៃក្រុមជំនួយបច្ចេកទេសការងារសមរម្យរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងគណៈប្រតិភូក្រុមការងារគំនិតផ្តួចផ្តើមកាតាលីករសកល របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៩ ខែសីហា។

តាមរយៈជំនួបនោះ ភាគីទាំងពីបានជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធគំនិតផ្តួចផ្តើម «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»។

នាកិច្ចពិភាក្សានោះ លោក ឧកតាវីយ៉ាន់តូ ប៉ាសារីប៊ូ តំណាងគណៈប្រតិភូរបស់អង្គការសហប្រជាជាតិ បានថ្លែងកោតសរសើរដែលកម្ពុជាបានចូលជាប្រទេសត្រួសត្រាសផ្លូវនៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» នេះ។

បានបញ្ជាក់ថា៖« គំនិតផ្តួចផ្តើមនេះមានគោលបំណងគាំទ្រដល់ការបង្កើតការងារសមរម្យចំនួន៤០០លានកន្លែង និងការពង្រីកការគាំពារសង្គមដល់ប្រជាជន៤ពាន់លាននាក់ ដែលបច្ចុប្បន្នមិនត្រូវបានរួមបញ្ចូល និងដើម្បីជួយសម្រួលដល់អន្តរកាល «ដោយយុត្តិធម៌» សម្រាប់ទាំងអស់គ្នា»។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី ហេង សួរ បានបញ្ជាក់ថា គោលដៅនៃគំនិតផ្តួចផ្តើមនេះ គឺស្របគ្នាទៅនឹងអាទិភាពការងាររបស់រារដ្ឋាភិបាលកម្ពុជាដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ដោយលោកបន្តថា៖«ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើមនេះ រាជរដ្ឋាភិបាលកម្ពុជានឹងផ្តោតជាអាទិភាពក្នុងការអភិវឌ្ឍជំនាញ និងការពង្រីកវិសាលភាពនៃកិច្ចគាំពារសង្គម ដែលចំណុចទាំងនេះនឹងត្រូវលើកយកមកពិភាក្សាក្នុងការកសាងផែនទីបង្ហាញផ្លូវ ដើម្បីអនុវត្តកាតាលីករសកលនេះ»។

ឆ្លៀតឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានសំណូមពរដល់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិទាំងអស់សូមបន្តផ្តល់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងរឹងមាំដើម្បីបន្តអភិវឌ្ឍវិស័យការងារនៅកម្ពុជាផងដែរ។

គួរបញ្ជាក់ដែរថា កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌នេះ គឺជាគំនិតផ្តួចផ្តើមមួយ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០២១ ដើម្បីជួយរដ្ឋសមាជិកដោះស្រាយវិបត្តិ ពន្លឿនការស្តារសេដ្ឋកិច្ច ទន្ទឹមនឹងការបណ្តាក់ទុនក្នុងការអភិវឌ្ឍសង្គមអន្តរកាលបៃតង និងរៀបចំសម្រាប់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត រួមមានការដាក់ឱ្យទៅក្នុងប្រព័ន្ធ (Formalisation) ការងារយុវជន សមភាពយេនឌ័រ និងសេដ្ឋកិច្ចឌីជីថលជាដើម៕

អត្ថបទ៖ ពិសី