ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិក បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលមូលហេតុចម្បងគឺដោយសារកត្តារដូវកាលនិងសម្ពាធនៃការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។នេះបើយោងតាមការជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៩ខែសីហា។
បើតាមការជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចំពោះកត្តារដូវកាលកំណើនតម្រូវការប្រាក់រៀលបានថយល្បឿននៅក្នុងដំណាក់កាលនៃការបង្កបង្កើនផលកសិកម្ម និងរដូវកាលដែលសកម្មភាពវិស័យទេសចរណ៍មិនមានភាពមមាញឹក។ ចំណែកប្រាក់ដុល្លារអាមេរិកជារួមបានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយពីធនាគារកណ្តាលអាមេរិកបន្តដំឡើងអត្រាការប្រាក់គោល ដែលទាក់ទាញមូលធនឱ្យហូរចូលទៅសហរដ្ឋអាមេរិកនិងបង្កើនតម្រូវការប្រាក់ដុល្លារអាមេរិកលើទីផ្សារអន្តរជាតិ។
ទាក់ទងនិងអត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិកបានកើនឡើងគួរឱ្យកត់សម្គាល់នេះ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុយល់ឃើញថា នៅក្នុងសេដ្ឋកិច្ច កំពុងកំពុងព្យាយាមជំរុញការប្រើប្រាស់ប្រាក់រៀលមានសិ្ថរភាពហើយប្រជាពលរដ្ឋមានទំនុកចិត្តក្នុងការប្រើប្រាស់ប្រាក់រៀល។តែប្រសិនបើអ្នកប្រើប្រាស់មិនមានទំនុកចិត្តលើប្រាក់រៀលវានិងធ្វើឱ្យការជំរុញការប្រើប្រាស់ប្រាក់រៀលមានយឺតយាវ។លើសពីនេះប្រជាពលរដ្ឋដែលមានចំណូលជាប្រាក់រៀលធ្លាក់ចុះនៅអំណាចទិញ នៅពេលប្រាក់រៀលធ្លាក់ថ្លៃ។តែទោះជាយ៉ាងនេះក្តី អ្នកជំនាញហិរញ្ញវត្ថុរូបនេះមានការជឿជាក់ទៅលើធនាគារជាតិនៃកម្ពុជាថានិងអាចគ្រប់គ្រងអត្រាប្តូរបា្រក់លើទីផ្សារបានប្រកបដោយប្រសិទ្ធភាព។
លោក ង៉ែត ជូ មានប្រសាសន៍ថា «កន្លងមកធនាគារជាតិនៃកម្ពុជាមានភាពបុរេសកម្មខ្លាំង មានការយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងអត្រាប្តូរប្រាក់បានល្អ ហើយការត្រៀមចាត់វិធានការរបស់ធនាគារជាតិនៃកម្ពុជានៅពេលខាងមុខនេះខ្ញុំជឿជាក់ថានឹងបន្តមានប្រសិទ្ធិភាព ហើយធ្វើឱ្យស្ថិរភាពនៃអត្រាប្តូរប្រាក់នៅលើទីផ្សារមានភាពប្រសើរនិងអាចគ្រប់គ្រងបាន»។
យោងតាមការជូនដំណឹង ធនាគារជាតិនៃកម្ពុជា បន្តប្រកាន់យករបបអត្រាប្តូរប្រាក់អណ្តែតមានការគ្រប់គ្រង ដែលអនុញ្ញាតឱ្យអត្រាប្តូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប។ ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជាត្រៀមខ្លួនចាត់វិធានការចំាបាច់ ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា« បើសិនជាធនាគារជាតិនៃកម្ពុជាមានវិធានការសម្រាប់ដោះស្រាយមួយជំហានៗ ហើយអាចបញ្ចេញឬបង្វិលថវិកាមួយចំនួនទៀតដើម្បីទប់ដោយធ្វើការសហការជាមួយធនាគារនិងហិរញ្ញវត្ថុ ឬកន្លែងប្តូរប្រាក់មួយចំនួនដើម្បីទប់កុំឱ្យប្រាក់រៀលចុះថោក នេះគ្រាន់តែជាវិធានការដោះស្រាយមួយគ្រាៗចំពោះកិច្ចតែប៉ុណោះ ប៉ុន្តែបើសិនជាយុទ្ធសាស្ត្ររយៈពេលវែងវិញ លុះណាតែយើងខិតខំផលិត ហើយយើងធ្វើការនាំចេញ នាំចូលឱ្យមានតុល្យការមែនទែន ហើយយើងព្យាយាមបណ្តុះស្មារតីនាំចូលបរិទេសនិយមឱ្យបានច្រើន ដើម្បីជួយទប់សភាពការមានរយៈពេលវែង»៕
អត្ថបទ៖សារេត